អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីសម្រេចបានកម្លាំងប្រយុទ្ធខ្លាំងរបស់កងទ័ពខ្លួន នៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនដែលគេស្គាល់ថាតំបន់ Donbas។

នៅក្នុងសុន្ទរកថាប្រធានាធិបតីលោក Volodymyr Zelenskyy បាននិយាយថា ស្ថានភាពនៅក្នុងតំបន់រួមមានតំបន់ Donetsk និង Luhansk របស់អ៊ុយក្រែនដែលក្រុមផ្តាច់ខ្លួនបានគ្រប់គ្រងដោយផ្នែក គាំទ្រដោយរុស្ស៊ីចាប់តាំងពីឆ្នាំ២០១៤ ជួបការលំបាកខ្លាំង ខណៈយោធារុស្ស៊ីព្យាយាមប្រមូលផ្តុំកម្លាំងច្រើនលើសលប់ ដើម្បីបញ្ចប់ការវាយលុករបស់ខ្លួននៅទីនោះ។ លោក Zelenskyy និយាយថា ទាហានរុស្ស៊ីកាលពីថ្ងៃចន្ទបានបាញ់ផ្លោងទៅលើទីក្រុង Kharkiv ជាទីក្រុងធំទីពីររបស់អ៊ុយក្រែន និងបាញ់ផ្លោងលើតំបន់ Sumy នៅជិតព្រំដែនរុស្ស៊ី។ យោងតាមមេដឹកនាំអ៊ុយក្រែនបានឲ្យដឹងថា ការតស៊ូទប់ទល់សម្រាប់ទីក្រុង Kherson នៅតែបន្ត។ ទីក្រុង Kherson ភាគខាងត្បូងត្រូវបានគ្រប់គ្រងភាគច្រើនដោយកងទ័ពរុស្ស៊ីតាំងពីដើមដំបូងនៃសង្គ្រាម ហើយក្រុមមន្ត្រីដែលត្រូវបានតែងតាំងដោយរុស្ស៊ីនៅទីនោះបាននិយាយថា ពួកគេនឹងស្នើសុំឱ្យវិមានក្រឹមឡាំងបញ្ចូលជាឧបសម្ព័ន្ធទីក្រុងនេះ។ ប៉ុន្តែទីក្រុង Kiev បានប្តេជ្ញារំដោះទីក្រុងនេះមកវិញ។
លោក Zelenskyy បាននិយាយកាលពីថ្ងៃចន្ទថា មួយជំហានម្តងៗ យើងកំពុងរំដោះទឹកដីរបស់យើង ហើយនឹងឈានជាបន្តបន្ទាប់ដល់ចំណុចដែលរុស្ស៊ីនឹងត្រូវតែដាក់អាវុធចុះ និងបន្តទៅរកផ្នែកការទូត។ ប្រធានាធិបតីលោក Volodymyr Zelenskyy បានជំរុញឱ្យបណ្តាប្រទេសសហភាពអឺរ៉ុបបន្តរួបរួម និងបញ្ចូលការហាមឃាត់ប្រេងរបស់រុស្ស៊ីនៅក្នុងការដាក់ទណ្ឌកម្មជុំទី៦។ កញ្ចប់ទណ្ឌកម្មទី៦ ត្រូវតែអនុម័ត វាត្រូវតែមានប្រសិទ្ធិភាព ហើយវាត្រូវតែរួមបញ្ចូលការហាមឃាត់ប្រេងដើម្បីធ្វើឱ្យរុស្ស៊ីគិតថា ជាការខាតបង់សម្រាប់អ្វីដែលខ្លួនបានធ្វើមកលើអ៊ុយក្រែន និងអឺរ៉ុបទាំងអស់ និងដើម្បីឱ្យអ្នកគ្រប់គ្នាកុំពឹងផ្អែកលើអាវុធថាមពលរុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន