អ៊ុយក្រែន៖ អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានដណ្ដើមគ្រប់គ្រងភាគច្រើននៃទីក្រុងឧស្សាហកម្ម Sievierodonetsk ភាគខាងកើត បង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ដែនដីដែលខ្លួនដណ្ដើមបាន ដែលក្រុង Moscow បានបង្កើតជាគោលបំណងដ៏សំខាន់នៃការលុកលុយរបស់ខ្លួន។

ការវាយប្រហារគ្រប់ច្រករបស់រុស្ស៊ីលើទីក្រុងក្នុងខេត្ត Luhansk របស់អ៊ុយក្រែនត្រូវបានឆ្លើយតបដ៏ខ្លាំងក្លាពីក្រុមអ្នកតស៊ូអ៊ុយក្រែន។ ក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅទីក្រុង Luhansk បានទទួលស្គាល់ថា ការដណ្តើមយកទីក្រុងនេះចំណាយពេលយូរជាងការរំពឹងទុក ទោះបីជាមានការវាយប្រហារថ្មើរជើងយ៉ាងសន្ធាប់បំផុត ក្នុងចំណោមការវាយប្រហារដ៏ខ្លាំងក្លានានានៃសង្គ្រាមរយៈពេលបីខែក៏ដោយ។ បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយករដ្ឋធានី Kyiv របស់អ៊ុយក្រែន និងត្រូវបានវាយរុញចេញពីភាគខាងជើងអ៊ុយក្រែន ជ័យជំនះរបស់រុស្ស៊ីនៅទីក្រុង Sievierodonetsk និងឆ្លងកាត់ទន្លេ Siverskyi Donets ក្នុងទីក្រុង Lysychansk នឹងនាំមកនូវការគ្រប់គ្រងពេញលេញនៃតំបន់ Luhansk ជាខេត្តមួយក្នុងចំណោមខេត្ត ២នៅភាគខាងកើត ដែលទីក្រុង Moscow បានអះអាងជំនួសក្រុមផ្តាច់ខ្លួន។
ក្រុមអ្នកវិភាគយោធាលោកខាងលិចបាននិយាយថា ទីក្រុង Moscow បានដកកម្លាំងទ័ព និងយុទ្ធោបករណ៍ចេញពីផ្នែកផ្សេងទៀតនៃសមរភូមិជួរមុខភាគខាងកើត ដើម្បីផ្តោតទៅលើទីក្រុង Sievierodonetsk ដោយសង្ឃឹមថា ការវាយលុកដ៏ធំនឹងដណ្ដើមបានតំបន់ជុំវិញខេត្ត Luhansk សម្រាប់សង្គ្រាមតំណាងរបស់ក្រុមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី។ អភិបាលតំបន់ Luhansk លោក Serhiy Gaidai បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗស្ទើរតែទាំងអស់នៅក្នុងទីក្រុង Sievierodonetsk ត្រូវបានបំផ្លាញ ហើយ ៦០% នៃអគារលំនៅឋានបានរងការខូចខាតដែលមិនអាចជួសជុលបាន៕
អត្ថបទ៖ សុខមាន