ព្រៃវែង៖ ឯកឧត្តម នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរបានចាត់តាំងឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំចុងអំពិល ស្រុកកញ្ជ្រៀចនាំយកម៉ាស៊ីនអេកូស្កេនបំពាក់ដោយសម្ភារៈបរិក្ខាទំនើបសម្រាប់ពិនិត្យផ្ទៃពោះ និងជម្ងឺផ្សេងៗ ដើម្បីជាផលប្រយោជន៍សំរាប់ជួយដល់ប្រជាពលរដ្ឋ ក្នុងមន្ទីរពេទ្យបង្អែកកញ្ជ្រៀច ខេត្តព្រៃវែង។
ថ្លែងនៅក្នុងពិធីប្រគល់នូវម៉ាស៊ីនដ៏ទំនើបនេះ ឯកឧត្តម ប៉ុល រតនាបានលើកឡើងថា ម៉ាស៊ីនអេកូស្កេនបំពាក់ដោយសម្ភារៈបរិក្ខាទំនើប ពិនិត្យផ្ទៃពោះ និងជំងឺផ្សេង និងជួយអោយប្រជាពលរដ្ឋដែលរស់នៅឆ្ងាយកាត់បន្ថយពេលវេលាក្នុងការស្វែងរកសេវាព្យាបាលនៅទីរួមខេត្ត និងអាចជួយព្យាបាលអ្នកជំងឺទាន់ពេលវេលាផងដែរ។
នៅក្នុងពិធីនោះដែរ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តជួយព្យាបាលអ្នកជំងឺដែលបានចូលមកសម្រាកក្នុងមន្ទីរពេទ្យ។ ប៉ុន្តែឯកឧត្តម នៅតែបន្តអំពាវនាវដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់បន្តយកចិត្តទុកដាក់ឲ្យបាន ល្អប្រសើបន្ថែមទៀតក្នុងការបំរើ និងព្យាបាលដល់អ្នកជំងឺនោះ។
ក្រៅពីប្រគល់នូវម៉ាស៊ីនស្កេនដ៏ទំនើបនេះ ឯកឧត្តម ប៉ុល រតនា ក៏បានឆ្លៀតឱកាសចុះសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជម្ងឺ ព្រមទាំងសន្យាជួយជួសជុល កែលម្អ បំពាក់ពិដានអគារព្យាបាលជំងឺ ១ខ្នងផងដែរ៕ អត្ថបទ៖ បាន ចក់









