ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសរៀបចំក្របខណ្ឌគោលនយោបាយ ស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ កំពុងប្រជុំស្ទាបស្ទង់ និងពិនិត្យឡើងវិញ ក្នុងគោលដៅប្រមូលធាតុចូលបន្ថែមឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ សម្រាប់ផែនការបោះផ្សាយ និងជួញដូរមូលបត្ររដ្ឋឆ្នាំ២០២២ ។
ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងកិច្ចពិគ្រោះយោបល់ ស្តីពីការស្ទាបស្ទង់ទីផ្សារអំពីតម្រូវការមូលបត្ររដ្ឋ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២ នេះថា រាជរដ្ឋាភិបាលបានអនុម័ត និងដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយបឋម ស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។
ក្របខណ្ឌគោលនយោបាយបឋមនេះ បានដាក់ចេញនូវវិធានការគោលនយោបាយ និងផែនការសកម្មភាពជាក់លាក់ ដើម្បីអនុវត្តជំហាននៃការបោះផ្សាយមូលបត្ររដ្ឋ ជាពិសេសផែនការសកម្មភាពបន្ទាន់ចំពោះមុខ និងរយៈពេលខ្លី សំដៅឈានទៅបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទីផ្សារជាលើកដំបូងនៅឆ្នាំ២០២២នេះ។
ឯកឧត្តម បន្តថា ក្រៅពីផែនការខាងលើ រាជរដ្ឋាភិបាល បាននិងកំពុងបន្តរៀបចំ ក្របខណ្ឌគោលនយោបាយរួម ស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ សំដៅកសាងឱ្យបាននូវប្រព័ន្ធគ្រប់គ្រងមួយដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ សម្រាប់ការបោះផ្សាយ និងជួញដូរមូលបត្ររដ្ឋ, តាមរយៈការអនុវត្តយ៉ាងសកម្ម នូវក្របខណ្ឌគោលនយោបាយបឋម។
រាជរដ្ឋាភិបាល បានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងនោះមាន៖ ការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តសំខាន់ៗជាច្រើនដូចជា៖ ប្រកាសស្តីពីការបោះផ្សាយលក់មូលបត្ររដ្ឋ, អនុក្រឹត្យស្តីពីការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្ររដ្ឋ, សារាចរណែនាំស្តីពីការអនុវត្តចំពោះមូលបត្ររដ្ឋ ដែលកាន់កាប់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ, និងការកំណត់ទំហំបោះផ្សាយលក់មូលបត្ររដ្ឋក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលច្បាប់នេះបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំសរុបប្រមាណ ១,២ ទីលានរៀល ត្រូវប្រមាណ ៣០០ លានដុល្លារ។
កិច្ចពិគ្រោះយោបល់ របស់ក្រុមការងារបច្ចេកទេសរៀបចំក្របខណ្ឌគោលនយោបាយ ស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ គឺជាការស្ទាបស្ទង់ទីផ្សារលើកទី ៣ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមទៀត ឱ្យបានកាន់តែពេញលេញ និងគ្រប់ជ្រុងជ្រោយ សម្រាប់ជាមូលដ្ឋានដ៏សំខាន់ក្នុងការពិនិត្យឡើងវិញ និងកែសម្រួលបន្ថែមលើផែនការបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ២០២២ ដើម្បីស្នើសុំការពិនិត្យ និងអនុម័តដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរសដ្ឋកិច្ច និងហិរញ្ញវត្ថុ។
រាជរដ្ឋាភិបាលគ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូង គឺក្នុងគោលបំណងដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ចរួមមាន៖ គម្រោងស្ដារសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងគម្រោងប្រព័ន្ធបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាដើម៕អត្ថបទ៖ សុន រ៉ាឌី