សហភាពអឺរ៉ុប៖ ក្រុមមេដឹកនាំសហភាពអឺរ៉ុបបានព្រមព្រៀងសម្របសម្រួល លើការនាំចេញចំណីអាហារចេញពីប្រទេសអ៊ុយក្រែន ដើម្បីដោះស្រាយក្ដីកង្វល់ដែលចេះតែកើនឡើងដោយសារវិបត្តិស្បៀងអាហារសកល។

នៅថ្ងៃទី២ នៃជំនួបកំពូលរយៈពេល ២ថ្ងៃកាលពីថ្ងៃអង្គារ ក្រុមមេដឹកនាំសហភាពអឺរ៉ុបបានពិភាក្សាលើវិធីឆ្លើយតប វិបត្តិស្បៀងអាហារដែលចេះតែកើនឡើង ក្រោយការវាយលុករបស់រុស្ស៊ីចូលប្រទេសអ៊ុយក្រែន និងវិធីបញ្ចប់ការពឹងផ្អែករបស់សហភាពអឺរ៉ុបលើថាមពលរុស្ស៊ី។ សហភាពអឺរ៉ុបបានសម្រេចជួយដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ដែលត្រូវបានជាប់នៅកំពង់ផែរបស់អ៊ុយក្រែនដោយសាររុស្ស៊ីបិទតាមដីគោក ទៅកាន់រដ្ឋជាសមាជិកដូចជាប្រទេសជិតខាងរ៉ូម៉ានីជាដើម បន្ទាប់មកនឹងត្រូវដឹកតាមនាវាចេញពីកំពង់ផែ។
ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានសំដៅដល់វិធានការនានាផ្ដួចផ្ដើមដោយប្រទេសមួយចំនួន ដើម្បីហាមឃាត់ការនាំចេញចំណីអាហារ ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុកឲ្យបានគ្រប់គ្រាន់។ លោកស្រីបានអំពាវនាវដល់សហគមន៍អន្តរជាតិ និងរដ្ឋសមាជិកសហភាពអឺរ៉ុប កុំឲ្យរឹតត្បិតពាណិជ្ជកម្មសកលលើផលិតផលកសិកម្ម៕
អត្ថបទ៖ សុខមាន