ភ្នំពេញ៖ មន្រ្តីសុខាភិបាល បានត្រៀមខ្លួនរួចរាល់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញទី៥ ជូនក្រុមអាទិភាព ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ បន្ទាប់ពីទទួលបានការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
មន្ត្រីសុខាភិបាល បម្រើការនៅរាជធានីភ្នំពេញ បានឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៥ ដើម្បី បង្កើនអង់ទីគ័រការពាររាងកាយទប់ទល់នឹងជំងឺកូវីដ-១៩ ជូនមន្រ្តីជួរមុខ និងក្រុមគោលដៅអាទិភាព នឹងចាប់ផ្តើមពីថ្ងៃទី៩ ខែមិថុនានេះតទៅ។
មន្រ្តីសុខាភិបាល បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសជំរុញទី៥នេះ នឹងអាចធានាសុវត្ថិភាព បន្ថែមទៀតចំពោះការរស់នៅពេលបច្ចុប្បន្ន និងអនាគត របស់ប្រជាពលរដ្ឋ ជាមួយនឹងមេរោគកូវីដ-១៩។
ទោះបីបច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មានភាពល្អប្រសើរក្តី តែការចាក់វ៉ាក់សាំង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បន្តចាត់ទុកជាឧបករណ៍ដ៏សំខាន់បំផុត សម្រាប់បុគ្គលគ្រប់ៗរូប ដើម្បី ការពារខ្លួនទប់ទល់នឹងការវាយលុកធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ កាត់បន្ថយអត្រាមរណភាពជាអតិបរមា និងផលប៉ះពាល់សង្គមជាថ្មីជាដើម។ ការចាក់វ៉ាក់សាំងដូសទី៥ នឹងប្រើប្រាស់វ៉ាក់សាំងជំនួយពីប្រទេសចិន ឥណ្ឌា អ៊ីតាលី និងប្រទេសផ្សេងៗមួយចំនួនទៀត។ នេះបើតាមការឱ្យដឹងពីប្រធាន គណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន។
បច្ចុប្បន្នប្រទេសកម្ពុជា បាននឹងកំពុងដំណើរការសេដ្ឋកិច្ចធម្មតា ជាមួយវត្តមានជំងឺកូវីដ-១៩ ក្រោយពេលរាជរដ្ឋាភិបាលទទួលបានជោគជ័យលើនយោបាយចាក់វ៉ាក់សាំងស្រោចលើប្រជាពលរដ្ឋ ចាប់ ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ៕អត្ថបទ៖ ទូច សោភ័ណ