បាល់ទាត់៖ ក្រុមបាល់ទាត់ខេត្តកែប ក្រុមលេខ៣ ពានរង្វាន់ថ្នាក់ខេត្តឆ្នាំ២០២០ មកដល់ពេលនេះមិនទាន់មានការជួបជុំ រឺប្រមូលផ្តុំដើម្បីធ្វើការហ្វឹកហាត់ជុំគ្នាទេ តាំងពីលើកពេលប្រកួត ដោយសារព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

លោក លឹម ឆាវរ៉ាត់ អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសខេត្តកែប បានប្រាប់ឲ្យដឹងថ្មីៗនេះថា ក្រុមកីឡាកររបស់លោកមិនមានការប្រមូលផ្តុំនោះទេ ដោយសារតែបញ្ហាប្រឈមជំងឺរាតត្បាតសកលកូវីដ-១៩ ម្ស៉ាងទៀតដោយសារមានការកែប្រែកម្មវិធី។ លោកបន្តថា ការប្រកួតទី៣ ដែលលើកមកលេងនៅថ្ងៃទី៣០ ខែមិនា ជាមួយខេត្តព្រះសីហនុនៅខេត្តព្រះសីហនុ មិនប្រាកដថាបានលេងនោះដែរ ខណៈខេត្តកែបថ្មីៗនេះមានវិជ្ជមានកូវីដ-១៩ម្នាក់ និងខេត្តព្រះសីហនុនៅតែប្រឈមដូចគ្នា។ អ្នកចាត់ការរូបនេះបន្ថែមថា តែទោះយ៉ាងនេះក្តីក៏កូនក្រុមរបស់លោក ហ្វឹកហាត់រៀងៗខ្លួននៅតាមគេហដ្ឋាន។
ក្រុមបាល់ទាត់ខេត្តកែបបានដំណើរការ ២ប្រកួតហើយ ប្រកួតដំបូងនៅទឹកដីកោះកុងស្មើខេត្តកោះកុង ១ទល់នឹង១ ទោះបីនាំមុខមុន និងប្រកួតទី២ ឈ្នះខេត្តកំពត ៥ទល់នឹង២។ ចំនែកខេត្តកំពត ២ប្រកួតដំបូង ឈ្នះព្រះសីហនុ ១ទល់នឹង០ និងចាញ់ខេត្តកោះកុង ០ទល់នឹង២ ក្នុងពូល E៕
អត្ថបទ៖ គង់ ហួន