កំពង់ធំ៖ នៅថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានធ្វើការដង្ហែរក្បួនឃោសនាទ្រង់ទ្រាយធំ ដែលមានសមាជិកចូលជិត១ម៉ឺននាក់។
ឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានធ្វើជាអធិបតីដឹកនាំក្បួន ឃោសនារកសំឡេងឆ្នោតនាថ្ងៃចុងក្រោយនេះ។
តាមការឱ្យដឹង ក្បួនដង្ហែរឃោសនារបស់បក្សប្រជាជនកម្ពុជា គឺធ្វើឡើងនៅគ្រប់ឃុំ-សង្កាត់ទាំង ៨១ ទូទាំងខេត្ត ដោយចេញដំណើរពីទីរួមខេត្តកំពង់ធំ ឆ្ពោះទៅកាន់ទីតាំងផ្សេងៗ។
ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្ស នយោបាយធំ ជាងនៅកម្ពុជា ដែលនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មិនរើសអើងពូជសាសន៍ មិនរើសអើងសិទ្ធិជ្រើសរើសនយោបាយរបស់ប្រជាពលរដ្ឋ។ គណបក្សប្រជាជន ត្រូវបានប្រជាពលរដ្ឋផ្តល់ សេចក្តីជឿទុកចិត្តឲ្យដឹកនាំប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី អព្យាក្រឹត្យ និងយុត្តិធម៌ អស់រយៈពេលជាង៣០ឆ្នាំកន្លងមកហើយ។
ដំណើរការដឹកនាំប្រទេសជាតិច្រើនឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ធ្វើឲ្យប្រទេសជាតិរក្សាបានសុខ សន្តិភាព និងស្ថិរភាពនយោបាយធ្វើឱ្យមានការអភិវឌ្ឍទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងធនធានមនុស្ស។
ឯកឧត្តម បានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិជ្រើសរើសគណបក្សនយោបាយដែលខ្លួន ស្រឡាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន ដែលយល់ និងដឹងពីសុខទុក្ខរបស់ខ្លួនបម្រើសេវាសាធារណៈ ទាំងសេវាចាំបាច់ និងសេវាតម្រូវការ បានទាន់ពេលវេលា។ ដូច្នេះនៅថ្ងៃទី៥ ខែមិថុនានេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋទាំងអស់ នឹងត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា ដើម្បីប្រជាជន និងការអភិវឌ្ឍជារៀងរហូត។
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានឱ្យដឹងថា សម្រាប់ខេត្តនេះ មានគណបក្ស នយោបាយសរុបចំនួន១៣ ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដែលបេក្ខជនពេញសិទ្ធិ មានចំនួនជាសង៦ពាន់នាក់ ស្រីជាង២ពាន់នាក់។ ចំនួនការិយាល័យបោះឆ្នោតអាណត្តិទី៥ ក្នុងខេត្តកំពង់ធំ មានសរុប១,១៤១។ ប្រជាពលរដ្ឋគ្រប់អាយុ១៨ ឆ្នាំឡើង មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សរុបចំនួនជាង ៤៨ម៉ឺននាក់៕ អត្ថបទ៖ លី សាងស៊ីន






