បាល់ទាត់៖ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានសំរេចដាក់ពិន័យបន្ថែមលើអតីតប្រធាន FIFA លោក Sepp Blatter មិនឲ្យពាក់ព័ន្ធនឹងសកម្មភាព បាល់ទាត់រហូតដល់ឆ្នាំ២០២៨។ ការដាក់ពិន័យបន្ថែមនេះគឺមានរយៈពេល ៦ឆ្នាំ ៨ខែបន្ថែមទៀត ខណៈអតីតអគ្គលេខាធិការ FIFA លោក Jerome Valcke ក៏ទទួលបានការដាក់ពិន័យបន្ថែមស្រដៀងគ្នា ហើយអ្នកទាំងពីរសុទ្ធតែត្រូវបានពិន័យជាទឹកប្រាក់ ៧៨ម៉ឺនផោនដូចគ្នា។

ការដាក់ពិន័យបន្ថែមនេះ នឹងចាប់ផ្ដើមនៅពេលការពិន័យរបស់លោក Sepp Blatter វ័យ ៨៥ឆ្នាំអស់សុពលភាពនៅខែតុលាខាងមុខ ខណៈលោក Jerome Valcke បទពិន័យថានឹងអស់សុពលភាពនៅខែតុលា ឆ្នាំ២០២៥។ សេចក្តីថ្លែងការណ៍របស់ FIFA បានសរសេរថា ការស៊ើបអង្កេតទៅលើលោក Blatter និង Valcke បានគ្របដណ្ដប់លើការចោទប្រកាន់ផ្សេងៗ ជាពិសេសទាក់ទងនឹងការទូទាត់ប្រាក់រង្វាន់ ទាក់ទងនឹងការប្រកួតរបស់ FIFA ដែលត្រូវបានបង់ទៅឲ្យថ្នាក់ដឹកនាំកំពូលរបស់ FIFA ការធ្វើវិសោធនកម្មផ្សេងៗ និងការពង្រីកកិច្ចសន្យាការងារក៏ដូចជាសំណងដោយ FIFA នៃការចំណាយផ្នែកច្បាប់ឯកជនក្នុងករណីលោក Valcke។
នៅក្នុងការស្រាវជ្រាវបន្ថែម អង្គជំនុំជម្រះស៊ើបអង្កេតបាល់ទាត់ពិភពលោក បានរកឃើញថា លោក Blatter បានទទួលយក "ផលប្រយោជន៍ហិរញ្ញវត្ថុមិនត្រឹមត្រូវ" ១៨លានផោនចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៤។ រំលឹកថា ដំបូងឡើយ Blatter ត្រូវបានដាក់ពិន័យដោយ FIFA ៨ឆ្នាំហើយ ក្រោយមកត្រូវបានកាត់បន្ថយមកនៅត្រឹម ៦ឆ្នាំវិញដោយសារការរំលោភក្រមសីលធម៌ នៅពេលដែលគាត់ត្រូវបានគេរកឃើញថា បានបង់ប្រាក់សំណូក ១.៣លានផោនទៅអតីតប្រធាន UEFA លោក Michel Platini៕
អត្ថបទ៖នាង សុភាវុធ