កំពង់ស្ពឺ៖ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឯកឧត្តម យឿន យឿត បានអំពាវនាវជាថ្មីម្តងទៀតដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសបងប្អូនពលរដ្ឋដែលកំពុងរស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២នេះឲ្យបានគ្រប់ៗគ្នា។
ឯកឧត្តម យឿន យឿត ក៏បានអំពាវនាវដល់បងប្អូនទាំងអស់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ខណៈ គណបក្សប្រជាជនកម្ពុជាប្រៀបបានដូចជាដើមឈើសន្តិភាព ដែលបាននាំឲ្យប្រទេសកម្ពុជាទាំងមូលមាន សុខសន្តិភាព និងការអភិវឌ្ឍគ្រប់យ៉ាងរហូតដល់សព្វថ្ងៃនេះ។ ការបោះឆ្នោតជ្រើសរើសមេឃុំ និងចៅសង្កាត់របស់គណបក្សប្រជាជនកម្ពុជា គឺជាជម្រើសដ៏ល្អបំផុត ដើម្បីបំរើផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។
ឯកឧត្តមបានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ត្រូវបានបងប្អូនពលរដ្ឋខ្មែរស្ទើតែទាំងអស់បានផ្តល់សេចក្តីជឿទុកចិត្ត និងប្រគល់សំឡេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង៣០ឆ្នាំកន្លងមកហើយ ហើយក្នុង រយៈពេលជិត៤០ឆ្នាំនេះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍស្ទើគ្រប់វិស័យ ហើយ ជីវភាពរបស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរកាន់តែរីចំរើនពីមួយឆ្នាំទៅមួយឆ្នាំនោះ៕