អារ៉ាប៊ីសាអ៊ូឌីត៖ យោងតាមសេចក្ដីរាយការណ៍ពីការិយាល័យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់មួយរូបរបស់អារ៉ាប៊ីសាអ៊ូឌីត បានគំរាមសម្លាប់លោកស្រី Agnes Callamard ជាអ្នករាយការណ៍ពិសេសរបស់ UN ដែលបានបើកការស៊ើបអង្កេតលើករណីសម្លាប់អ្នកកាសែត Jamal Khashoggi។
គួរឲ្យដឹងថា លោក Khashoggi ដែលជាជនជាតិអារ៉ាប៊ីសាអ៊ូឌីត បម្រើការឲ្យកាសែត Washington Post នោះត្រូវបានសម្លាប់ដោយភ្នាក់ងារទីក្រុងរីយ៉ាដ នៅស្ថានកុងស៊ុលរបស់ពួកគេ ប្រចាំនៅទីក្រុងអ៊ីស្តានប៊ុល ប្រទេសទួរគីកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ។ លោក Khashoggi បានសរសេរអត្ថបទជាច្រើនរិះគន់ របបរបស់រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។ លោកស្រី Callamard បាននិយាយប្រាប់កាសែត Guardian នៅក្នុងបទសម្ភាសន៍ចុះផ្សាយកាលពីថ្ងៃអង្គារថា លោកស្រីទទួលបានការជូនដំណឹងពីសហការី UN កាលពីខែមករា ឆ្នាំ២០២០ ថា មន្ត្រីជាន់ខ្ពស់មួយរូបរបស់អារ៉ាប៊ីសាអ៊ូឌីត បានគំរាមសម្លាប់លោកស្រី។ មន្ត្រីសារព័ត៌មានប្រចាំការិយាល័យលោកស្រី Callamard ដែលជាការិយាល័យឧត្តមស្នងការ UNទ្រទ្រង់សិទ្ធិមនុស្សបានបញ្ជាក់អះអាងអនុសាសន៍ របស់លោកស្រីដល់ CNN កាលពីថ្ងៃអង្គារ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតមិនបានឆ្លើយតបភ្លាមៗនោះទេ នឹងសំណើរបស់ CNN សុំធ្វើសេចក្ដីអធិប្បាយជុំវិញការលើកឡើងបែបនេះ។ នៅក្នុងរបាយការណ៍ជិត ១០០ទំព័ររបស់លោកស្រី Callamard ដែលបានចុះផ្សាយកាលពីខែមិថុនា ឆ្នាំ ២០១៩ បានសន្និដ្ឋានថា មានភស្តុតាងច្បាស់លាស់ថា ព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ឈរនៅពីក្រោយឃាតកម្មមកលើលោក Khashoggi។ លោកស្រី Callamard បាននិយាយថា សហការីរបស់លោកស្រីនិយាយថា ពួកគេបានមើលឃើញការគំរាមសម្លាប់ពិតប្រាកដមួយ អំឡុងជំនួបកម្រិតខ្ពស់កាលពីខែមករា ឆ្នាំ២០២០ ជាមួយមន្ត្រីការទូតអារ៉ាប៊ីសាអ៊ូឌីត ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕
អត្ថបទ៖ សារ៉ាត់