វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់វ័យក្មេងអាមេរិក Coco Gauff បានឈានឡើងវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Grand Slam លើកដំបូងក្នុងអាជីពក្រោយយកឈ្នះកីឡាការិនីអ៊ីតាលី Martina Trevisan នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open។

កីឡាការិនីវ័យ ១៨ឆ្នាំ Coco Gauff បានយកឈ្នះ Martina Trevisan ដោយលទ្ធផល ២សិតផ្ទួនៗ ៦-៣ និង ៦-១។
Coco Gauff ធ្លាប់បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយកាលពីឆ្នាំ២០១៩ ដោយបានឈានឡើងជុំទី៤ Grand Slam, Wimbledon ត្រឹមវ័យ ១៥ឆ្នាំនៅពេលនោះ ហើយនៅពេលនេះនាងមានវ័យ ១៨ឆ្នាំក៏បានឈានឡើងវគ្គផ្តាច់ព្រ័ត្រ Grand Slam លើកដំបូង។ គូប្រកួតចំពោះមុខ Coco Gauff នៅវគ្គផ្តាច់ព្រ័ត្រគឺកីឡាការិនីលំដាប់លេខ ១ ពិភពលោក Iga Swiatek។
កីឡាការិនីប៉ូឡូញវ័យ ២១ឆ្នាំ Iga Swiatek បានយកឈ្នះកីឡាការិនី Daria Kasatkina ដោយលទ្ធផល ២សិតផ្ទួនៗផងដែរ ៦-២ និង ៦-១។ នេះជាជ័យជំនះ ៣៤ប្រកួតជាប់គ្នាហើយសំរាប់ Iga Swiatek ពោលគឺឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះនឹងតាមស្មើកំណត់ត្រារបស់ Venus Williams ក្នុងនាមជាកីឡាការិនីដែលឈ្នះការប្រកួតជាប់គ្នាច្រើនបំផុត ៣៥ប្រកួត ដែលកំណត់ត្រានេះ Venus Williams កាន់កាប់តាំងពីឆ្នាំ២០០០៕
អត្ថបទ៖នាង សុភាវុធ