ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤មិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកបណ្ឌិត Xun young ho អគ្គនាយកសម្ព័ន្ធសន្តិភាពសកល (UPF) ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាព។
បើតាមឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងនាមជាអ្នកនាំពាក្យ បានឱ្យដឹងថា លោក យុង ហូ បានគោរពជំរាបជូនសម្តេចថា តាមរយៈប្រវត្តិរូបរបស់សម្តេច ដែលបានផ្សព្វផ្សាយក្នុងពេលទទួលពានរង្វាន់ស៊ុនហាក់ថ្មីៗនេះបានធ្វើឱ្យពិភពលោកកោតស្ញប់ស្ញែងយ៉ាងខ្លាំង។
ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម យុង ហូ ដែលបានទទួលការអញ្ជើញមកចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅពេលនេះដែលជាកត្តាជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ចំពោះករណីសម្ព័ន្ធសន្តិភាពសកលសម្ដេច មានប្រសាសន៍ថា គប្បីណាមានការជួបជុំគ្នារវាងឥស្សរជនជាន់ខ្ពស់និងអ្នកវាយតម្លៃធ្វើការសម្របសម្រួល ធ្វើការជាមួយអង្គការផ្សេងៗលើបញ្ហាសន្តិភាពដោយមិនសំរាប់តែអាស៊ីប៉ាស៊ីហ្វិកទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល ជាពិសេសចូលរួមចំណែកក្នុងកិច្ចការពិភពលោកនាពេលបច្ចុប្បន្ន៕អត្ថបទ៖ មុត សុទ្ធ