បាល់ទាត់៖ កំពូលកីឡាករបាល់ទាត់ទាំងពីរ Cristiano Ronaldo និង Lionel Messi បានស៊ុតបញ្ចូលទីរៀងខ្លួនក្នុងជំនួបអន្តរជាតិ ឱ្យក្រុមជំរើសជាតិរបស់ខ្លួននៅយប់ថ្ងៃអាទិត្យម្សិលមិញ។

ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United, Cristiano Ronaldo រកបាន ២គ្រាប់ម្នាក់ឯងក្នុងជ័យជំនះរបស់ក្រុមព័រទុយហ្កាល់យកឈ្នះលើស្វ៊ីស ៤-០ នៅក្របខណ្ឌ UEFA Nations League។ ២គ្រាប់បន្ថែមទៀតនេះមានន័យថា Ronaldo បន្តពន្លាតកំណត់ត្រាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេ ឱ្យក្រុមជំរើសជាតិឡើងដល់ ១១៧គ្រាប់។ ជ័យជំនះនេះធ្វើឱ្យព័រទុយហ្កាល់ឡើងឈរលើគេផងដែរក្នុងពូល B នៅក្របខណ្ឌ Nations League មាន ៤ពិន្ទុស្មើគ្នាជាមួយឆេកដែលស្មើគ្នាជាមួយអេស្ប៉ាញយប់មិញ។

ងាកមកខ្សែប្រយុទ្ធ Paris Saint Germain, Lionel Messi រកបានដល់ទៅ ៥គ្រាប់ម្នាក់ឯងឱ្យអាហ្សង់ទីនយកឈ្នះអេស្តូនី ៥-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ។ នេះជាគ្រាប់បាល់ទី៨៦ សំរាប់ Messi ឱ្យក្រុមជំរើសជាតិ ពោលគឺតាមពីក្រោយ Ronaldo ៣១គ្រាប់៕
អត្ថបទ៖នាង សុភាវុធ