អ៊ុយក្រែន៖ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយកាលពីថ្ងៃចន្ទថា លោកកំពុងធ្វើការលើការបញ្ជូនក្រុមអ្នកជំនាញអន្តរជាតិទៅត្រួតពិនិត្យសុវត្ថិភាព នៅរោងចក្រថាមពលនុយក្លេអ៊ែរដែលគ្រប់គ្រងដោយរុស្ស៊ីនៅទីក្រុង Zaporizhzhia របស់អ៊ុយក្រែន។

ថ្លែងនៅទីក្រុងវីយែន លោក Rafael Grossi បាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែនបានអំពាវនាវដល់លោក និងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីស្វែងរកមធ្យោបាយរំដោះរោងចក្រ ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់ប្រទេស និងធំជាងគេនៅអឺរ៉ុប និងដើម្បីអនុវត្តសន្តិសុខ និងការពារការងារនៅទីតាំងនោះ។ លោក Grossi បានថ្លែងទៅកាន់ក្រុមប្រឹក្សាភិបាលក្នុងកិច្ចប្រជុំថា លក្ខខណ្ឌការងារនៅទីក្រុង Zaporizhzhia គួរឲ្យព្រួយបារម្ភខ្លាំង ហើយនិយតករអ៊ុយក្រែនបានជូនដំណឹងដល់យើងថា ពួកគេបានបាត់បង់ការគ្រប់គ្រងលើសម្ភារៈនុយក្លេអ៊ែរ ហើយគ្មានសកម្មភាពការពារនោះទេ។
លោក Grossi បាននិយាយទៅកាន់គណៈប្រតិភូនៅក្នុងកិច្ចប្រជុំថា យើងនឹងទៅទីក្រុង Zaporizhzhia តាមការស្នើសុំរបស់ប្រទេសអ៊ុយក្រែន។ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) និយាយថា លោកកំពុងបន្តដាក់សម្ពាធលើរដ្ឋាភិបាលរុស្ស៊ី សម្រាប់ដំណើរការចូលទៅកាន់រោងចក្រនេះ ដែលត្រូវបានបំផ្លាញដោយការប្រយុទ្ធគ្នានៅក្បែរនោះកាលពីដើមខែមីនា៕
អត្ថបទ៖ ប៊ុនថន