ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដើម្បីតាមដានការវិវត្តនៃវិស័យអចលនទ្រព្យ និងលំនៅដ្ឋានដែលកំពុងរីកចម្រើនខ្លាំង។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានអះអាងថា សន្ទស្សន៍ថ្លៃលំនៅដ្ឋាននេះ នឹងចូលរួមអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងវិស័យអចលនទ្រព្យនៅកម្ពុជា។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីល្ងាចថ្ងៃទី៨ មិថុនា ឆ្នាំ២០២២នេះថា ការបង្កើតឲ្យមានសន្ទស្សន៍ថ្លៃលំនៅដ្ឋានបន្ថែមនេះ មិនមានផលរំខានដែរដល់អ្នកប្រកបអាជីវកម្មក្នុងវិស័យនេះ ប៉ុន្តែសន្ទស្សន៍ថ្លៃលំនៅដ្ឋាន នឹងចូលរួមអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ប្រសើរឡើង។
ទាក់ទងនឹងស្ថានភាពនៃការទិញលក់ និងតម្លៃអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្ននេះ លោក បានឱ្យដឹងថា មិនមានការធ្លាក់ថ្លៃនោះទេ ទោះបីជាកម្ពុជាជួបវិបត្តិប្រឈមការរាតត្បាតនៃជំងឺកូវីដ១៩ រយៈពេលជាង ២ឆ្នាំនេះក៏ដោយ ក៏កម្ពុជានៅតែមានស្ថានភាពរឹងមាំនៅក្នុងទីផ្សារមួយនេះ ។
សូមបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅដ្ឋាន គឺជាជំហាន និងសមិទ្ធផលថ្មីមួយទៀតនៃការងារចងក្រងស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់បម្រើដល់ការវិភាគ និងវាយតម្លៃដំណើរការសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យ និងសំណង់។
សន្ទស្សន៍ថ្លៃលំនៅដ្ឋាននេះដែរ នឹងរួមចំណែកដ៏សំខាន់ក្នុងការតាមដាន វាយតម្លៃ និងរៀបចំគោលនយោបាយអភិវឌ្ឍន៍ ក៏ដូចជាវិធានការនានា ដើម្បីកាត់បន្ថយហានិភ័យជាអតិបរមា ក្នុងគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច៕ អត្ថបទ៖ បូរ៉ាវី