សហរដ្ឋអាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិកបានបង្កើនការណែនាំស្ដីពីជំងឺអុតស្វា ដោយជំរុញឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ស្របពេលករណីឆ្លងវីរុសនេះបានហក់ឡើងដល់ជាង ១,០០០នាក់។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិកបានដំឡើងការប្រកាសអាសន្នដល់កម្រិតទី២ កាលពីថ្ងៃចន្ទ ដោយជំរុញឲ្យប្រជាពលរដ្ឋអនុវត្តន៍ការប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតដែលបានរាលដាលដល់ ២៩ប្រទេសដែលមិនធ្លាប់មានជំងឺប្រភេទនេះពីមុខមកកាលពីមួយខែកន្លងទៅ។ ការប្រកាសអាសន្នកម្រិតខ្ពស់បំផុតទី៣ នឹងមិនអនុញ្ញាតឲ្យមានការធ្វើដំណើរណាដែលមិនចាំបាច់។ ខណៈទីភ្នាក់ងារសុខភាពសាធារណៈមួយនេះបាននិយាយថា បញ្ហាប្រឈមចំពោះសាធារណៈទូទៅនៅតែមានកម្រិតទាប ការប្រកាសអាសន្នកម្រិតខ្ពស់បំផុតបានជំរុញមនុស្សជៀសវាង ការប្រាស្រ័យទាក់ទាក់ទងជិតស្និទ្ធជាមួយអ្នកជំងឺ រួមមានអ្នកទាំងឡាយដែលមានដំបៅលើស្បែក ឬប្រដាប់ភេទ ព្រមទាំងប៉ះពាល់សត្វឈឺ ឬងាប់។
ដំបូងមជ្ឈមណ្ឌលនេះបានផ្ដល់អនុសាសន៍នៅលើគេហទំព័ររបស់ខ្លួនថា អ្នកដំណើរត្រូវពាក់ម៉ាស់ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺអុតស្វា ប៉ុន្តែក្រោយមកបានលុបចោលវិញ។ ជំងឺអុតស្វាគឺជាជំងឺដ៏កម្រមួយបណ្ដាលមកពីការឆ្លងវីរុសអុតស្វា ដែលមានរោគសញ្ញាផ្សេងៗរួមទាំងមានកន្ទួលលើស្បែក ក្ដៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ហើម និងឈឺឆ្អឹងខ្នង៕
អត្ថបទ៖ សុខមាន