ឧត្តរមានជ័យ៖ លោកឧត្តមសេនីយន៍ត្រី នាក់ វង្ស មេបញ្ជារការរង និងជានាយសេនាធិការចម្រុះនៃកងពលតូចថ្មើរជើងលេខ៤២ បានលើកឡើងថា កងទ័ពរួមទាំងគ្រួសារកងទ័ពជាច្រើននាក់ មកពីតាមបណ្តាអង្គភាពនានា ចំណុះឱ្យកងពល បានមកទទួលការចាក់វ៉ាក់សាំងប្រភេទអាត្រាស៊ីនីកា ដូសទី៥ ដូសជំរុញ ដើម្បីការពារប្រព័ន្ធសរីរាង្គបណ្តុះធាតុសាំបន្ថែមទៀត ឱ្យមានភាពរឹងមាំ ដើម្បីបង្ការទប់ស្កាត់នូវជំងឺឆ្លងផ្សេងៗ។
លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស បានបន្តថា ការចាក់វ៉ាក់សាំងប្រភេទអាត្រាស៊ីនីកាជូនដល់កងទ័ពនិងក្រុមគ្រួសារកងទ័ព នៅពេលនេះ គឺបន្ទាប់ពីពួកគាត់បានចាក់ដូសទី៤រួចរាល់មានរយៈពេលគម្លាតបីខែទើបពួកគាត់អាចទទួលការចាក់បន្តសំរាប់ដូសទី៥ បន្ថែមទៀត។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា បងប្អូនកងកម្លាំងរួមទាំងក្រុមគ្រួសារបានមកទទួលចាក់វ៉ាក់សាំងនៅពេលនេះ គឺពួកគាត់មកចាក់ដោយការស្ម័គ្រចិត្តដោយមិនមានការបង្ខិតបង្ខំអ្វីនោះឡើយ។
យ៉ាងណាម៉ិញ លោកឧត្តមសេនីយ៍ បន្ថែមថា ការចាក់វ៉ាក់សាំងនេះគឺអាចបង្ការទប់ស្កាត់បានយ៉ាងល្អប្រសើរចំពោះបញ្ហាជំងឺឆ្លងផ្សេងៗ ពិសេសជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នយើងពុំមានការឆ្លងបន្តទៀតនោះឡើយ។ ទាំងអស់នេះហើយ គឺដោយសាររាជរដ្ឋាភិបាលកម្ពុជាបានខិតខំយកចិត្តទុកដាក់ខ្ពស់ដើម្បីស្វែរកវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋនឹងកងកម្លាំងឲ្យរួចផុតពីការឆ្លងជំងឺទាំងអស់នេះបានប្រកបដោយប្រសិទ្ធភាពខ្ពស់ព្រោះកងទ័ពគឺជាកម្លាំស្នូលដ៏សំខាន់សំរាប់វិស័យការពារជាតិ៕ អត្ថបទ៖ ឃិនសារិទ្ធ




