អ៊ុយក្រែន៖ សាកលវិទ្យាល័យមួយរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា ទំហំទឹកប្រាក់នៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ ដោយសារការវាយប្រហាររបស់រុស្ស៊ីបានកើនឡើង ១០៣.៩ពាន់លានដុល្លារអាមេរិក។

សាកលវិទ្យា Kyiv School of Economics បានផ្ដល់ការប៉ាន់ប្រមាណនេះនៅក្នុងរបាយការណ៍មួយ ដែលបានបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ របាយការណ៍នេះបាននិយាយថា ទំហំទឹកប្រាក់នៃការខូចខាតដោយផ្ទាល់ចំពោះអគារលំនៅឋានបានកើនឡើង ៣៩.៣ពាន់លានដុល្លារអាមេរិកគិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ។ ទិន្នន័យសម្រាប់ផ្លូវថ្នល់ត្រូវបានប៉ាន់ប្រមាណមានទំហំទឹកប្រាក់ប្រហែល ៣០ពាន់លានដុល្លារអាមេរិក សហគ្រាសឧស្សាហកម្ម និងរោងចក្រមានទំហំទឹកប្រាក់ ១១.៤លានដុល្លារអាមេរិក អាកាសយានដ្ឋានស៊ីវិលមានទំហំទឹកប្រាក់ ៦.៨ពាន់លានដុល្លារអាមេរិក និងស្ថានីយរថភ្លើង និងយានជំនិះផ្សេងៗ ២.៦ពាន់លានដុល្លារអាមេរិក។

របាយការណ៍នេះក៏បានបង្ហាញពីការខូចខាតកាន់តែច្រើនឡើងផងដែរលើអគារវេជ្ជសាស្ត្រ និងសាលារៀន។ របាយការណ៍ដដែលបាននិយាយថា ស្ថាប័នអប់រំកម្រិតទាប និងខ្ពស់បានខូចខាតដែលមានទំហំទឹកប្រាក់ ១.៦ពាន់លានដុល្លារអាមេរិក ស្ថាប័នសុខាភិបាល ១.១ពាន់លានដុល្លារអាមេរិក និងសាលាមត្តេយ្យចំនួន ៥០០លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខមាន