ភ្នំពេញ៖ ដើម្បីចូលរួមអបអរទិវា៨ ឧសភា ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២៥ ខែមីនា នេះ មានសប្បុរសជនចំនួនពីរផ្សេងគ្នា បានចូលរួមផ្តល់ជំនួយសប្បុរសធម៌ ដល់កាកបាទក្រហមកម្ពុជា ទី១ គឺលោកឧកញ៉ា គិត ចាន់ថា និងលោកជំទាវ ទិត សុខុម និងក្រុមគ្រួសារបានឧបត្ថម្ភជាអង្ករចំនួន ១០តោន និងម៉ាស់ ចំនួន ១០កេះធំ និងទី២ រោងចក្រស្តារីត (ខេមបូឌា)ឯកឧត្ដម បានឧបត្ថម្ភជាកាបូបសិស្សស្ពាយ ចំនួន២០០កាបូប។ ដែលពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅអាគារទីស្នាក់ការ កណ្តាលកាកបាទក្រហមកម្ពុជា ផ្នែកខាងក្រៅ។
នៅក្នុងឱកាសទទួលជំនួយពីសប្បុរសជននោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា មាននាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះម្ចាស់ជំនួយទាំងពីរខាងលើ ដែលបានចូលរួមឧបត្ថម្ភនូវ អង្ករ ម៉ាស់ និងកាបូបស្ពាយសម្រាប់សិស្ស ដល់កាកបាទក្រហមកម្ពុជា។
ដើម្បីជាការអបអរទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។
លោកជំទាវអគ្គលេខាធិការ បានឱ្យដឹងទៀតថា អំណោយទាំងអស់ខាងលើនេះ គឺជាសក្ខីភាពមួយ នៃទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន បើទោះបីជាស្ថិតក្នុងគ្រាដ៏លំបាក ដែលយើងទាំងអស់គ្នាបាននិងកំពុងប្រឈមជាមួយនិងជំងឺរាតត្បាតសកលកូវីដ-១៩ក៏ដោយ ក៏សប្បុរសជនគ្រប់មជ្ឈដ្ឋាន គ្រប់ទិសទី នៅតែបន្តឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដែលនេះគឺជាការបង្ហាញពីស្មារតី វប្បធម៌ នៃចែករំលែកដល់កាកបាទក្រហមកម្ពុជា ដើម្បីសមាគមជាតិ បានបន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ដោយមិនមានការរើសអើងពូជសាសន៍ ជំនឿ សាសនា និងប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះ លោកជំទាវក៏មិនភ្លេចទេនូវសារ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នូវពាក្យថា ៣កុំ និង ៣ការពារ និងសូមឱ្យប្រជាពលរដ្ឋចូលរួម អនុវត្តវិធានការចត្តាឡីស័ក ឱ្យបានម៉ឺងម៉ាត់ ដែលជាវិធានការមុតស្រួច ដើម្បីទប់ស្កាត់និងការកាត់ផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍៕ អត្ថបទ៖ សំ ងីម



