ភ្នំពេញ ៖ មួយថ្ងៃបន្ទាប់ពីក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ឆ្លងចូលក្នុងសហគមន៍នោះ។ ប្រជាពលរដ្ឋបានគាំទ្រសេចក្តីប្រកាសនេះ ខណៈអាជ្ញាធរបានត្រៀមរួចជាស្រេចក្នុងការអនុវត្តន៍វិធានការសុខាភិបាល។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ឆ្លងចូលក្នុងសហគមន៍កាន់តែច្រើនឡើងនោះ ក្រសួងសុខាភិបាល នៅពេលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងស្តីពីភូមិសាស្ត្រដែលត្រូវអនុវត្តការព្វកិច្ចពាក់ម៉ាស់ និងការកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ក្នុងភូមសាស្ត្រ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប។
បន្ទាប់ពីមានសេចក្តីប្រកាសនេះលោកកែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់ BTV នាថ្ងៃទី២៥ ខែមីនានេះថា អាជ្ញាធរមូលដ្ឋាន នឹងគោរពតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដោយចុះពិនិត្យមើលជាប្រចាំនៅទីសាធារណៈជំរុញដល់ពលរដ្ឋត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព បើមិនគោរពតាមទេ នោះអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានលើកឡើងដែរថា នៅពេលនេះ ការពាក់ម៉ាស់ និងរក្សាគម្លាតគឺជារឿងសំខាន់ ព្រោះអាចកាត់បន្ថយការឆ្លងជំងឺកូវីដ-19 បានហើយពួកគាត់ បានគាំទ្រចំណាត់ការបស់ក្រសួងសុខាភិបាលលើការផាកពិនិត្យ។ជាមួយគ្នានេះ លោក គាត តូ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារចាក់អង្រែ បានលើកឡើងដែរថា ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោលរបស់រាជរដ្ឋាភិបាល អាជ្ញាធរផ្សារ តែងចុះអប់រំដល់ពលរដ្ឋមកផ្សារ និងអាជីវករលក់ដូរ ត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ទប់ស្កាត់ការឆ្លងជំងឺកូវីដ-19។ ក្នុងករណីពលរដ្ឋមកផ្សារមិនពាក់ គឺមិនអនុញ្ញាតអោយចូលនោះទេ។
បើតាមក្រសួងសុខាភិបាល, ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលត្រូវបានកំណត់ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។ នៅទីសាធារណៈ មានមនុស្សច្រើន ឬកន្លែងជួបជុំចាប់ពី ២នាក់ឡើងទៅ គឺតម្រូវឱ្យបុគ្គលគ្រប់រូបត្រូវតែពាក់ម៉ាស់។ បើមិនពាក់ម៉ាស់នឹងរងការពិន័យពី២០ម៉ឺនរៀល ទៅ១លានរៀល៕
អត្ថបទ៖ទូច សោភ័ណ