ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការវាយការលុកពីជំងឺកូវីដ-១៩ មនុស្សវ័យចាស់ រស់នៅរាជធានីភ្នំពេញ នាថ្ងៃទី ១១ខែមិថុនានេះ សម្រុកទៅចាក់វ៉ាក់សាំងដូសទី៥ តាមការកំណត់របស់គ្រូពេទ្យ។
មនុស្សវ័យចាស់រស់នៅរាជធានីភ្នំពេញ មកចាក់វ៉ាក់សាំងក្នុងមន្ទីរពេទ្យបង្អែកច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១១ខែមិថុនានេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៥រួច សុខភាពធម្មតា មិនបង្ករផលបះពាល់ដល់សុខភាពនោះទេ។ ការចាក់វ៉ាក់សាំងពិតជាមានសារៈសំខាន់ ព្រោះអាចទប់ទល់នឹងការវាយលុកពីជំងឺកូវីដ និងមិនចង់ឲ្យប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដដូចកាលឆ្នាំមុនពិបាករស់នៅណាស់។ លើសពីនេះ ពួកគាត់បានអំពាវដល់ពលរដ្ឋសូមបន្តទៅទទួលការចាក់វ៉ាក់សាំងតាមវេនដែលបានកំណត់ និងអគុណដល់រាជរដ្ឋាភិបាល ដែលស្វះស្វែងរកវ៉ាក់សាំងចាក់ជូនពលរដ្ឋដោយមិនគិតថ្លៃ។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ ជូនមន្រ្តីជួរមុខ និងក្រុមគោលដៅអាទិភាព ចាប់ដំណើរការពីថ្ងៃទី០៩ ខែមិថុនាតទៅ ស្ថិតនៅតាំងសុខាភិបាលសាធារណៈ និងទីតាំងផ្សេងៗមួយចំនួនទៀតក្នុងសហគមន៍ ដែលការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន។
បច្ចុប្បន្នប្រទេសកម្ពុជា បើកដំណើរការសេដ្ឋកិច្ចធម្មតា ជាមួយវត្តមានជំងឺកូវីដ-១៩ ក្រោយពេល រាជរដ្ឋាភិបាលទទួលបានជោគជ័យលើនយោបាយចាក់វ៉ាក់សាំងកូវីដ ស្រោចលើប្រជាពលរដ្ឋចាប់ពីដូសមូលដ្ឋានរហូតដល់ដូសជំរុញ បានជាច្រើនលាននាក់៕
អត្ថបទ៖ទូច សោភ័ណ