ភ្នំពេញ៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានប្រគល់សម្ភារៈអប់រំ និងការិយាល័យ ដល់ខេត្តគោលដៅទាំង៧ និងអង្គភាពអនុវត្តន៍គម្រោង របស់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។
ខេត្តគោលដៅទាំង៧ រួមមាន៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ កោះកុង និងកំពង់ឆ្នាំង។
ក្នុងនោះអង្គភាពអនុវត្តគម្រោង រួមមាន៖ DLID កម្មវិធីជាតិអាហារូបត្ថម្ភ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, DLIG មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព, DLIH (PCA) ភ្នាក់ងារបញ្ជាក់ចំណាយក្រសួងសុខាភិបាល, DLIJ នាយកដ្ឋានផែនការថវិកា នៃក្រសួងសុខាភិបាល និងDLIE នាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល។
ក្នុងពិធីប្រគល់សម្ភារៈខាងលើនេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានថ្លែងអំណរគុណដល់មន្រី្តសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ-១៩ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ និងឈានដល់ការបើកដំណើរការប្រទេសឡើងវិញ ត្រឡប់ទៅរកប្រក្រតីភាពថ្មីឡើងវិញ។
ជាពិសេសស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រុមប្រឹក្សាជាតិគាំទ្រអាហារូបត្ថម្ភនៅកម្ពុជា យើងនិងបន្តសហការគ្នាជាមួយ និងអាជ្ញាធរមូលដ្ឋាន គណៈកម្មការ ជនស្ម័គ្រចិត្តនៅតាមមូលដ្ឋានក្រោមការចង្អុលបង្ហាញពីឯកឧត្តម អភិបាលខេត្ត ជាពិសេសគឺក្រសួងសុខាភិបាលផ្ទាល់។ ដូច្នេះលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត សង្ឃឹម និងជឿជាក់ថា នឹងបន្តការងារនេះតទៅទៀត។
ជាក់ស្តែងនាថ្ងៃនេះ តាមរយៈគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ក្រសួងសុខាភិបាល បានធ្វើការបញ្ជាទិញនូវសម្ភារៈមួយចំនួនក្រោមមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលជាសហការីផ្ទាល់ ក្នុងការគ្រប់គ្រងកម្មវីធីនេះ ហើយយើងក៏បានផ្តល់ជូននូវសម្ភារៈមួយចំនួនផងដែរ។
ជាចុងក្រោយលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា កម្មវិធីគាំពារមាតា និងទារក គឺជាកម្មវិធីអាទិភាពចម្បងបំផុតសម្រាប់ គោលនយោបាយ និងយុទ្ធសាស្រ្តសុខាភិបាលជាតិ ក្នុងមុំមួយនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត ក៏សូមគោរពថ្លែងអំណរគុណនូវភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ដល់មន្រី្តសុខាភិបាល ព្រមទាំងប្រសិទ្ធនាមគ្រូពេទ្យ គឺជា«កងទ័ពអាវ ស ជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» ជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ គ្រូពេទ្យរបស់យើងក៏មិនភ្លេចនូវការផ្តល់សេវាសុខាភិបាលមូលដ្ឋានដល់ការគាំពារសុខភាពមាតា និងទារកប្រកបដោយសុវត្ថិភាព៕អត្ថបទ រដ្ឋា




