ភ្នំពេញ៖ ឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ច សហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជារដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៣លាន ៣សែន ៦ម៉ឺនដុល្លារ អាមេរិក ដើម្បីអនុវត្ត“គម្រោងកម្មវិធី អាហារូបករណ៍សម្រាប់ការអភិវឌ្ឍ ធនធានមនុស្ស(JDS)"។
នៅព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម កា ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេស ជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាជាមួយគ្នាលើលិខិតប្ដូរសារសម្រាប់ផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់អនុវត្តនូវគម្រោងកម្មវិធីអាហារូបករណ៍សម្រាប់ការអភិវឌ្ឍធនធានមនុស្ស។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅក្នុងសេចកត្តីប្រកាសព័ត៌មានក្រោយចប់ពិធីនេះ បានលើកឡើងថា នៅប្រទេសកម្ពុជា ការអភិវឌ្ឍធនធានមនុស្សដែលមានការអប់រំខ្ពស់ និងបទពិសោធន៍អន្តរជាតិ គឺជាកិច្ចការបន្ទាន់ដើម្បី បង្កើនសមត្ថភាពក្នុងការបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាជនកម្ពុជានិងលើកកម្ពស់ គុណភាពជីវិតជាមួយនឹង ស្តង់ដារអន្តរជាតិ។
ដូច្នេះហើយ ប្រទេសជប៉ុនបាននិងកំពុងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់ខ្លួនបន្ថែមទៀត។
ប្រភពដដែល បានបន្តថា ជាផ្នែកនៃកិច្ចសហប្រតិបត្តិការនេះ ជួយមន្ត្រីវ័យ ក្មេងកម្ពុជាឲ្យទទួលបានសញ្ញាបត្រ (អនុបណ្ឌិត / បណ្ឌិត) ពីថ្នាក់ក្រោយឧត្តមសិក្សា នៅប្រទេសជប៉ុន។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការនេះដែរ មន្ត្រីវ័យក្មេងកម្ពុជាចំនួនប្រមាណ ២៦រូប នឹងអាចទៅសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន។ ភាគីជប៉ុនរំពឹងថា ធនធានមនុស្សក្រោមកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀត នាពេលអនាគតលើវិស័យនីមួយៗ ការយល់ដឹងរួម គ្នាព្រមទាំងការកសាងទំនាក់ទំនងមិត្តភាពរវាង ជប៉ុន និងធកម្ពុជាផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី