ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការជាថ្មី ក្នុងឆ្នាំ២០២២នេះ។ ការសម្រេចដំឡើងប្រាក់បៀវត្សរ៍នេះ គឺទទួលបានការគាំទ្រនិងភាពពេញចិត្តជាខ្លាំងពីមន្រ្តីរាជការ ជាពិសេសគ្រូបង្រៀន ដែលនាយករដ្ឋមន្រ្តីបញ្ជាក់ច្បាស់ថា គ្រូបង្រៀននឹងទទួលបានប្រាក់ខែយ៉ាងតិច ១លាន ៥សែនរៀល។
រយៈពេលពីរឆ្នាំមកហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការដំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការ។ ការផ្អាកនេះ គឺស្របពេលដែល កម្ពុជាជួបវិបត្តិកូវីដ-១៩ ដោយរាជរដ្ឋាភិបាលត្រូវប្រើប្រាស់ថវិកាជាច្រើន ធ្វើយ៉ាងណាគ្រប់គ្រងបញ្ហាកូវីដ-១៩។
ស្របពេលដែលស្ថានការណ៍កូវីដ-១៩ វិលទៅភាពប្រសើរ ស្ថិតក្នុងគ្រប់គ្រងបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកនេះ បានប្រកាសចាប់ផ្ដើមដំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការជាថ្មី ក្នុងឆ្នាំ ២០២២នេះ។
សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់យ៉ាងច្បាស់ថា សម្រាប់គ្រូបង្រៀន នឹងទទួលបានប្រាក់បៀវត្សរ៍ យ៉ាងតិច ១លាន ៥សែនរៀល ក្នុង១ខែ។
សម្រាប់មន្រ្តីរាជការក្រោយទទួលបានដំណឹងនេះ បានបង្ហាញនូវភាពពេញចិត្តជាខ្លាំង។ ជាក់ស្ដែងសម្រាប់គ្រូបង្រៀននៅ សាលាបឋមសិក្សាចតុមុខ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលបានគ្រប់គ្រងកូវីដ និងបានសម្រេចដំឡើងប្រាក់ខែជាថ្មី ដែលចាត់ទុកថា ជាការជំរុញទឹកចិត្តឱ្យ ពួកគាត់ជាគ្រូបង្រៀន ខិតខំបំពេញការងារបណ្ដុះធនធានមនុស្ស ឱ្យកាន់តែប្រសើរ។
ចំពោះការដំឡើងប្រាក់បៀវត្សរ៍ក្នុងនេះ សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ច្បាស់ថា គឺផ្ដល់អាទិភាពដល់គ្រូបង្រៀន និងគ្រូពេទ្យ យ៉ាងហោចណាស់ក៏អាចទទួលបានប្រាក់ខែ ១លាន ៥សែនរៀល។ ចំពោះការដំឡើងផ្សេងទៀត គឺមន្រ្តីរាជការដែលមានប្រាក់ខែតិច គឺទទួលបានការដំឡើងក្នុងកម្រិតមួយ ដើម្បីឱ្យមាន សមតុល្យនឹងមន្រ្តីអ្នកមានប្រាក់ខែច្រើន។ អត្ថបទ៖ គឹមហុក