រុស្ស៊ី៖ យោងតាមការស្រាវជ្រាវថ្មីបង្ហាញថា ប្រទេសរុស្ស៊ីរកចំណូលបានចំនួន ៩៨ពាន់លានដុល្លារអាមេរិកពីការនាំចេញប្រេងឥន្ធនៈក្នុងរយៈពេលជាង ១០០ថ្ងៃដំបូងនៃសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលសមភាពអឺរ៉ុបគឺជាអ្នកនាំចូលដ៏សំខាន់។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយក្រុមឯករាជ្យ ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវស្ដីពីថាមពល និងខ្យល់ស្អាត (CREA) មានមូលដ្ឋាននៅប្រទេសហ្វាំងឡង់មានឡើង ខណៈកងកម្លាំងរុស្ស៊ីបន្តវាយរុលទៅមុខយឺតៗ ប៉ុន្តែមានការរីកចម្រើនជាលំដាប់នៅក្នុងយុទ្ធនាការរបស់ពួកគេ ដើម្បីដណ្ដើមកាន់កាប់ទាំងស្រុងលើតំបន់ Donbas ភាគខាងកើតរបស់អ៊ុយក្រែន។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានបញ្ជូនអាវុធ និងប្រាក់ដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការវាយរុលទៅមុខរបស់កងកម្លាំងរុស្ស៊ី ស្របពេលនឹងការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតមិនធ្លាប់មានលើក្រុង Moscow។
ប៉ុន្តែទីក្រុង Kyiv អំពាវនាវដល់បណ្ដាប្រទេសលោកខាងលិច កាត់ផ្ដាច់ពាណិជ្ជកម្មទាំងអស់ជាមួយក្រុង Moscow ក្នុងក្ដីសង្ឃឹមកាត់ផ្ដាច់ចរន្តហិរញ្ញវត្ថុ ក្រោយការវាយប្រហារកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ មុនសង្គ្រាមផ្ទុះឡើងប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័នចំនួន ៤០% ដល់សហភាពអឺរ៉ុប និងការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីចំនួន ២៧%។ កាលពីដើមខែនេះ ប្លុកសហភាពអឺរ៉ុបបានព្រមព្រៀងបញ្ឈប់ការនាំចូលប្រេងឥន្ធនៈភាគច្រើនពីរុស្ស៊ី ខណៈដែលខ្លួនមានបំណងកាត់បន្ថយការនាំចូលឧស្ម័នធម្មជាតិឲ្យបាន ២ភាគ៣ នៅឆ្នាំនេះ។ ហើយបច្ចុប្បន្ននេះការដាក់បម្រាមលើការនាំចេញពីរុស្ស៊ីទំនងជាមិនទាន់កើតឡើងនៅឡើយទេ៕
អត្ថបទ៖ សុខមាន