ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ឲ្យដឹងថា រយៈពេល២ថ្ងៃនៃការផ្ទៀងផ្ទាត់សន្លឹកឆ្នោតនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ មកនេះ គ្មានភាពមិនប្រក្រតីកើតឡើងនោះឡើយ។
ថ្លែងប្រាប់BTVនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា បន្ទាប់ពីលទ្ធផលបឋម និងការបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតឃុំ-សង្កាត់ជាសាធារណៈតាមបណ្តាគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត នៅទូទាំងប្រទេស បានបញ្ចប់ គ.ជ.ប ក៏បន្តការងារផ្ទៀងផ្ទាត់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រយៈពេលពីរថ្ងៃ។
ឯកឧត្តម បន្តថា រយៈពេល២ថ្ងៃនៃការផ្ទៀងផ្ទាត់សន្លឹកពីការិយាល័យបោះឆ្នោតនីមួយៗ មិនមានភាពប្រក្រតីណាមួយបានកើតឡើងឡើយ ហើយ គ.ជ.ប នឹងឈានទៅរកការប្រកាសលទ្ធផលផ្លូវការទៅតាមការគ្រោងទុក នៅថ្ងៃទី២៦ ខែមិថុនា ខាងមុខ។
លោក ចាន់ ដារ៉ាវុធ តំណាងសហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យកម្ពុជា និងជាអ្នកសង្កេតការណ៍ដែលចូលរួមតាមដានការផ្ទៀងផ្ទាត់សន្លឹកឆ្នោត លើកឡើងថា ការរៀបចំផ្ទៀងផ្ទាត់សន្លឹកឆ្នោតនេះ ជាការផ្តល់នូវភាពត្រឹមត្រូវ តម្លាភាពបន្ថែមទៀតជូនបណ្តាគណបក្សនយោបាយនានា។
ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខណៈគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតតាមបណ្តារាជធានី-ខេត្ត កំពុងបន្តដោះស្រាយបណ្តឹងជាបន្តបន្ទាប់។
សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥នេះ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ៩លាននាក់ មានប្រជាពលរដ្ឋចូលរួមបោះឆ្នោតចំនួនជាង ៧លាន៣សែននាក់ បានចូលរួមបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥។
ក្រៅពីការរៀបចំរបស់ គ.ជ.ប ដោយស្របតាមនីតិវិធី និងតម្លាភាព ការបោះឆ្នោតឃុំ-សង្កាត់នេះ ក៏មានការចូលរួមសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេសចំនួន ៥ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម ខណៈអ្នកសង្កេតការណ៍ដែល គ.ជ.ប អនុញ្ញាតចូលរួមសរុបចំនួនជាង ៧ម៉ឺននាក់៕ អត្ថបទ សេក ឧត្តម