
ភ្នំពេញ៖ អង្គការយូអិនស៊ីធីអេឌី (UNCTAD) របស់អង្គការសហប្រជាជាតិ បានគាំទ្រលើការចាកចេញរបស់កម្ពុជា ពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច បន្ទាប់ពីទទួលស្តាប់ពីភាពរីកចម្រើនរបស់កម្ពុជាស្ទើរគ្រប់វិស័យ។
ក្រសួងពាណិជ្ជកម្ម នៅក្រោយចប់កិច្ចប្រជុំរវាងឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ និងលោកស្រី ហ្សាមិកា ហ្ស៉ីម៉ាណេ (Shamikar Sirimane) ប្រធានផ្នែកបច្ចេកវិទ្យានិងភស្ដុភារកម្ម នៃសន្និសីទប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីរាត្រីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២នេះ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងអង្គប្រជុំនោះឯកឧត្តមរដ្ឋមន្ដ្រី បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ យូអិនស៊ីធីអេឌី លើវិស័យមួយចំនួន ព្រមទាំងបានថ្លែងអំណរគុណការគាំទ្រនៃអង្គការ ដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។
ឯកឧត្តម បានជម្រាបជូនអំពីច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដែលកម្ពុជាបានអនុម័តនៅឆ្នាំ២០១៩កន្លងទៅ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់អង្គការ យូអិនស៊ីធីអេឌី ដែលបានជួយគាំទ្រកម្ពុជាក្នុងវិស័យ E-Commerce តាមរយៈការបង្កើតការត្រៀមខ្លួនស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក (eTrade Readiness Assessment) ក្នុងឆ្នាំ២០១៧ ដែលផ្តល់ជូនដល់កម្ពុជានូវយុទ្ធសាស្ត្រ E-Commerce ដែលត្រូវបានកំពុងអនុវត្តរួមគ្នាជាមួយ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដល់កម្ពុជា ក្នុងការពង្រឹងគោលនយោបាយពាណិជ្ជកម្មពាក់ព័ន្ធនឹងភាពអនុគ្រោះពាណិជ្ជកម្ម និងវិធានប្រភពដើមទំនិញ ព្រមទាំងបញ្ហាអនាម័យ និងភូតគាមអនាម័យផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំពីសារសំខាន់នៃការគាំទ្ររបស់អង្គការ យូអិនស៊ីធីអេឌី លើការអនុវត្តគម្រោង ASEAN LDC Trade Policy ដែលអាចជួយឱ្យកម្ពុជាអនុវត្តវិធានបន្ថែមក្នុងតំបន់ (regional cumulation) ដោយមិនមានឧបសគ្គ ជាពិសេសចំពោះមុនទំនិញវាយនភ័ណ្ឌ និងទោចក្រយាន ដែលស្ថិតក្នុងចំណោមទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម បានគូសបញ្ជាក់ អំពីការវិវត្តល្អប្រសើរនៃការច្របាច់បញ្ចូលគ្នានៃប្រព័ន្ធគយអេឡិចត្រូនិក ហៅកាត់ អាស៊ីគូដា (ASYCUDA) និងប្រព័ន្ធប្រកាសពន្ធគយនៃប្រៃសណីយ៍កម្ពុជា ដែលគាំទ្រដោយអង្គការ យូអិនស៊ីធីអេឌី, កម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) និងតំណាងឲ្យសម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation)៕អត្ថបទ៖ ឈិត បូរ៉ាវី

