ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ដំណើរមកដល់ នៃពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) បានបង្ហាញទៅកាន់ពិភពលោកពីសក្ដានុពល ការអភិវឌ្ឍ និងការរស់នៅរបស់ពលរដ្ឋប្រកបដោយភាពសុខសាន្ត ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្នបាល់ទាត់ គឺជាប្រភេទកីឡា ដែលមានប្រជាប្រិយភាព និងពេញនិយមបំផុតនៅលើពិភពលោក ដលមានមនុស្សប្រុសស្រីប្រមាន ២៦៥លាននាក់ ជាអ្នកលេងកីឡានេះ និងប្រមាណ ៣,៥ពាន់លាននាក់ ជាអ្នកគាំទ្រ ។
សម្ដេចតេជោ បានបន្តថា កម្ពុជាមានកីឡាករ កីឡាការិនី ដែលបានទទួលការនូវបណ្ដុះបណ្ដាលជំនាញកីឡាបាល់ទាត់ តាមក្លឹបបាល់ទាត់នានា ចំនួនប្រមាណ ២០០០នាក់ និងមានប្រមាណជាង ៣ ០០០នាក់ ជាក្រុមបាល់ទាត់មហាជន លេងដើម្បីសប្បាយរីករាយ និងសុខភាព ។ ដោយឡែក អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា មានប្រមានជាង ១០ម៉ឺននាក់ ហើយការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក នៅកម្ពុជានេះ បានបង្ហាញពីសុខសន្តិភាព និងសក្ដានុពលជាតិ ដែលពលរដ្ឋកម្ពុជា បាននិងកំពុងរស់នៅប្រកបដោយសុខដុមរមនា ទៅកាន់ពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣០០០នាក់ ។
ជាមួយនេះ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចពិតជាមានមោទនភាព ដូចប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលជាច្រើន ដែលបានកាន់ និងលើកពានរង្វាន់បាល់ទាត់ពិភពលោក ដ៏មានអត្ថន័យនេះ ៕ អត្ថបទ បាន សុខរិទ្ធិ




