ភ្នំពេញ៖ រាជរដ្ឋាភិបាលលកម្ពុជា នឹងដាក់ឱ្យដំណើរការអនុវត្តកម្មវិធីជំនួយសង្គមថ្មីមួយទៀត ក្នុងឆ្នាំ ២០២៣។ កម្មវីធិជំនួយសង្គមថ្មីនេះ គឺកម្មវិធីកញ្ចប់គ្រួសារ ដែលច្របាច់បញ្ចូលនូវកម្មវិធីជំនួយសង្គមទាំងអស់ចូលគ្នា ហើយកម្មវិធីនេះជា កម្មវិធីអចិន្ត្រៃយ៍ដែលនឹងបើកផ្តល់សាច់ប្រាក់ជូនក្រុមគោលដៅរៀងរាល់ខែ។
ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម មានប្រសាសន៍ថា កម្មវិធីកញ្ចប់គ្រួសារ ជាកម្មវិធីជំនួយសង្គមថ្មីមួយ ដែលរាជរដ្ឋាភិបាលគ្រោងដាក់អនុវត្តក្នុងឆ្នាំ ២០២៣ ខាងមុខ។
បច្ចុប្បន្នក្រុមការងារបច្ចេកទេស បាននិងកំពុងរៀបចំក្នុងការត្រៀម អនុក្រឹត្យ ជាឯកសារចុងក្រោយ ដោយរង់ចាំការឯកភាព និងឈានទៅប្រកាសគោលការណ៍ដើម្បីអនុវត្ត។
ឯកឧត្តម បន្តថា កម្មវិធីជំនួយសង្គមថ្មីនេះ គឺជាការច្របាច់រួមគ្នានូវ កម្មវិធីជំនួយសង្គមទាំងអស់ ដោយក្រុមគោលដៅទទួលអត្ថប្រយោជន៍ រួមមាន ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំដែលក្រីក្រ ជនមានពិការភាពក្រីក្រ គ្រួសារផ្ទុកមេរោគអេដស៍ និងសិស្សក្រីក្រផងដែរ។
តាមផែនការ ទំហំថវិកាសម្រាប់ការអនុវត្តកម្មវិធីនេះ ឯកឧត្តម លើកឡើងថា ក្រុមការងារ កំពុងធ្វើការសិក្សាបន្ថែម។ចំពោះចំនួនថវិកា ដែលគ្រួសារទទួលបាន គឺមានភាពខុសគ្នាទៅតាមចំនួនសមាជិកក្នុងគ្រសារនីមួយៗ។ ជាក់ស្ដែងគ្រួសារដែលមានសមាជិកស្ថិតក្នុងក្រុមទទួលផល ចន្លោះបីទៅបួននាក់ គឺអាចទទួលបានថវិកាយ៉ាងតិច ២០ម៉ឺនរៀលក្នុងមួយខែ។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩។ កម្មវិធីនេះ ជាកម្មវិធីមិនអចិន្រ្តៃយ៍ ដែលអាចនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ ខាងមុខ។
កម្មវិធីនេះ ចាប់តាំងការអនុវត្ត កាលពីខែ មិថុនា ឆ្នាំ២០២០ រហូតមកដល់ ខែឧសភា ឆ្នាំ ២០២២ គឺរាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាអស់ជាង ៦៨៣ លានដុល្លារ៕ អត្ថបទ៖ គឹមហុក