បាល់ទាត់៖ ក្លិបបាល់ទាត់ Burnley បានប្រកាសតែងតាំងអតីតប្រធានក្រុម Manchester City, Vincent Kompany ជាអ្នកចាត់ការជាផ្លូវការនៅថ្ងៃអង្គារម្សិលមិញនេះ។
បុរសសញ្ជាតិប៊ែលហ្ស៊ិកវ័យ ៣៦ឆ្នាំរូបនេះធ្លាប់បានដឹកនាំក្លិបបាល់ទាត់ប៊ែលហ្ស៊ិក Anderlecht រយៈពេល ២ឆ្នាំមុនពេលចាកចេញកាលពីខែឧសភា ក្រោយដឹកនាំក្រុមបានលេខ៣ នៅក្របខណ្ឌលីគកំពូលប៊ែលហ្ស៊ិក។ ពេលនៅ Anderlecht, Kompany បានដឹកនាំក្រុមឈ្នះ ៤១ប្រកួត ចាញ់ ១៩ និងស្មើ ៣០ នៃការដឹកនាំសរុប ៩០ប្រកួត។ ចំណែក Burnley បានបណ្តេញលោក Sean Dyche ចេញពីតំណែងកាលពីខែមេសា និងតែងតាំងលោក Mick Jackson ដឹកនាំបណ្តោះអាសន្ន តែមិនអាចជួយ Burnley គេចផុតពីការកាត់ចេញពី Premier League។ អតីតខ្សែការពារក្រុមជំរើសជាតិប៊ែលហ្ស៊ិករូបនេះធ្លាប់ចំណាយពេល ១១ឆ្នាំជាកីឡាករនៅ Manchester City ជាក្លិបដែលគេឈ្នះពានចំនួន ១០ បូករួមទាំង English Premier League ៤លើក៕
អត្ថបទ៖នាង សុភាវុធ