អ៊ុយក្រែន៖ អ៊ុយក្រែនមិនអើពើចំពោះឱសានវាទដាក់ដោយរុស្ស៊ី ឲ្យទម្លាក់អាវុធប្រគល់ខ្លួននៅក្នុងទីក្រុង Sievierodonetsk ភាគខាងកើតកាលពីថ្ងៃពុធ ខណៈសហរដ្ឋអាមេរិកប្រកាសផ្ដល់អាវុធបន្ថែមទៀតដល់ទីក្រុង Kyiv ដែលបានព្រមានថា ការដឹកជញ្ជូនអាវុធត្រូវចំណាយពេលយូរ។

ទីក្រុង Sievierodonetsk ដែលពេលនេះត្រូវបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ បានក្លាយជាចំណុចក្ដៅគគុកនៃសង្គ្រាមនេះ។ ប្រទេសរុស្ស៊ីបានប្រាប់កងកម្លាំងអ៊ុយក្រែន ដែលបានពួនសំងំនៅក្នុងរោងចក្រគីមីឲ្យទម្លាក់អាវុធចុះកាលពីព្រឹកថ្ងៃពុធ ខណៈខ្លួនប្រយុទ្ធដណ្ដើមគ្រប់គ្រងតំបន់ភាគខាងកើតរបស់អ៊ុយក្រែនមួយនេះ។ អ៊ុយក្រែននិយាយថា ជនស៊ីវិលជាង ៥០០នាក់រួមទាំងកុមារ ៤០នាក់ដែលនៅតែជាប់ខ្លួនជាមួយកងទ័ពនៅក្នុងរោងចក្រគីមី Azot កំពុងពួនជ្រកនៅគេចចេញពីការទម្លាក់គ្រាប់បែកជាច្រើនសប្ដាហ៍របស់ទាហានរុស្ស៊ី។ ក្រុមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់នោះនិយាយថា មានជនស៊ីវិលប្រមាណ ១,២០០នាក់អាចនៅក្នុងរោងចក្រនោះ។
អភិបាលក្រុង Sievierodonetsk លោក Oleksandr Stryuk បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងព្យាយាមវាយសន្ធាប់៩ ច្រកចូលទីក្រុងនេះ ប៉ុន្តែកងកម្លាំងអ៊ុយក្រែននៅតែបន្តការពារ ហើយមិនទាន់បានកាត់ផ្ដាច់ច្រកចូលទីក្រុងទាំងស្រុងទេ ទោះបីជាស្ពានឆ្លងទន្លេទាំងអស់ត្រូវបានទាហានរុស្ស៊ីកម្ទេចចោលហើយក៏ដោយ៕
អត្ថបទ៖ សុខមាន