កូរ៉េខាងជើង៖ កូរ៉េខាងជើងបានរាយការណ៍ករណីផ្ទុះនៃជំងឺឆ្លងមួយប្រភេទ ដែលមិនបានបញ្ជាក់ពីអត្តសញ្ញាណឲ្យច្បាស់លាស់នៅថ្ងៃព្រហស្បតិ៍នេះ ជាការបន្ថែមបន្ទុកកាន់តែធ្ងន់ធ្ងរថែមទៀតលើប្រព័ន្ធថែទាំងសុខភាពរបស់ប្រទេសឯកាមួយនេះ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងរលកជំងឺ COVID-19 មិនធ្លាប់មាន។

យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបញ្ជូនឱសថទៅកាន់ទីក្រុងកំពង់ផែភាគខាងលិច Haeju កាលពីថ្ងៃពុធ ដើម្បីជួយអ្នកជំងឺឆ្លងមានស្ថានភាពធ្ងន់ធ្ងរឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សារព័ត៌មាននេះពុំបានរាយការណ៍ពីចំនួនមនុស្សដែលបានឆ្លងជំងឺថ្មី ឬបញ្ជាក់ថាវាជំងឺអ្វីនោះទេ ប៉ុន្តែជំងឺគ្រុនក្ដៅនេះសំដៅដល់ជំងឺក្រពះពោះវៀន។ ការផ្ទុះដែលបានរាយការណ៍នេះមានឡើង ស្របពេលកូរ៉េខាងជើងទប់ស្កាត់ការផ្ទុះវីរុសឆ្លង COVID-19 លើកដំបូងរបស់ខ្លួន។ ប្រទេសនេះបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នកាលពីខែមុន ខណៈមានក្ដីបារម្ភជុំវិញកង្វះវ៉ាក់សាំង និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ។
កូរ៉េខាងជើងបានរាយការណ៍ថា មានមនុស្ស ២៦,០១០នាក់បន្ថែមទៀតលេចចេញរោគសញ្ញាក្ដៅខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ខណៈចំនួនអ្នកជំងឺសរុបត្រូវបានកត់ត្រាទូទាំងប្រទេស ចាប់តាំងពីចុងខែមេសាមានជិត ៤.៥៦លាននាក់។ ចំណែកអ្នកស្លាប់ទាក់ទងនឹងជំងឺ COVID-19 បានកើនឡើងដល់ ៧៣នាក់៕
អត្ថបទ៖ សុខមាន