ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងកូរ៉េខាងត្បូង ពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្របខ័ណឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ក្រោមយន្តការភាពជាដៃគូ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍផ្លូវការរបស់កូរ៉េមកកម្ពុជា។
ការពិភាក្សានេះ ធ្វើឡើងក្នុងកិច្ចប្រជុំរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ KIM Kyung Hee, អគ្គនាយកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃសាធារណរដ្ឋកូរ៉េ កាលពីដើមសប្តាហ៍នេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ចំពោះលទ្ធផលជាផ្លែផ្កា នៃគម្រោងអភិវឌ្ឍន៍ទៅតាមវិស័យអាទិភាព ទាំងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន កិច្ចសម្របសម្រួលឆ្នាំ ២០២២-២០២៦ មានទំហំទឹកប្រាក់ឥណទានសម្បទានប្រមាណ ១,៥ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងសម្រាប់ផែនការ ២០២២-២០២៤ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៥០ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍នានាដូចជា៖ ផ្លូវជាតិ និងផ្លូវជនបទ, ធារាសាស្ត្រ, ថាមពល, ទឹកស្អាត និងអនាម័យ, សុខាភិបាល និងវិស័យទូរគមនាគមន៍ ដែលសុទ្ធសឹងជាគម្រោងក្នុង វិស័យអាទិភាពចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ទន្ទឹមនេះ, ភាគីទាំងពីរ បានពិភាក្សាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទដោយចីរភាព ដែលមានទឹកប្រាក់ឥណទានសម្បទានចំនួន ៦០ លានដុល្លារអាមេរិក ។
ក្នុងជំណួបនេះ លោកជំទាវ KIM Kyung Hee បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំង នឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសបានធ្វើឱ្យកម្ពុជាត្រឡប់មករកប្រក្រតីភាពនៃការបើកប្រទេសឡើងវិញ។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០២២, រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) មានទឹកប្រាក់សរុបប្រមាណជាង ១,៧ ប៊ីលានដុល្លារអាមេរិក ក្នុងនោះឥណទាន សម្បទានមានទឹកប្រាក់ប្រមាណ ១,៣ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានទឹកប្រមាណជាង ៤៥៥ លានដុល្លារអាមេរិក៕អត្ថបទ៖ សុន រ៉ាឌី