វាយកូនបាល់៖ ព្រឹត្តិការណ៍វាយកូនបាល់ Grand Slam, US Open នឹងអនុញ្ញាតឱ្យមានការចូលរួមកីឡាករ-កីឡាការិនីរុស្ស៊ី និងបេឡារុស ពោលគឺសំរេចចិត្តមិនដើរតាមលំនាំរបស់ Grand Slam, Wimbledon នៅអង់គ្លេសឡើយ។

កីឡាករ-កីឡាការិនីនៃប្រទេសទាំង២ នឹងប្រកួតដោយមិនស្ថិតក្រោមទង់ជាតិរុស្ស៊ី រឺបេឡារុសប៉ុណ្ណោះដែលមានន័យថា កីឡាកររុស្ស៊ី Daniil Medvedev នឹងមានឱកាសការពារតំណែងជើងឯករបស់ខ្លួន។ សមាគមកីឡាវាយកូនបាល់អាមេរិក (USTA) បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែបន្តថ្កោលទោសរុស្ស៊ីរឿងសង្គ្រាមលើទឹកដីអ៊ុយក្រែនដដែល តែអនុញ្ញាតឱ្យកីឡាករ-កីឡាការិនីម្នាក់ដែលមកពីប្រទេសទាំង២ អាចចូលរួមប្រកួតប្រជែងបាន គ្រាន់តែមិនស្ថិតក្រោមទង់ជាតិនៃប្រទេសទាំងពីរប៉ុណ្ណោះ។
សូមបញ្ជាក់ថា រុស្ស៊ីត្រូវបានហាមឃាត់ពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF) មិនឱ្យប្រកួតនៅក្នុងព្រឹត្តិការណ៍អន្តរជាតិមួយចំនួន ខណៈដែលបេឡារុសក៏ត្រូវរងការពិន័យដែរ ក្នុងនាមជាប្រទេសដែលគាំទ្រសង្គ្រាមនៅអ៊ុយក្រែន។ កាលពីខែមេសា Grand Slam, Wimbledon នៅអង់គ្លេសបានប្រកាសថា កីឡាករ-កីឡាការិនីរុស្ស៊ី និងបេឡារុសមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតឡើយ ខណៈព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមិថុនានេះហើយ។ យ៉ាងណាក្តីការសំរេចចិត្តរបស់ Wimbledon បានទទួលរងការរិះគន់ជាច្រើនពីមជ្ឈដ្ឋានទូទៅ ជាពិសេសកីឡាករ-កីឡាការិនីវាយកូនបាល់ផ្ទាល់៕
អត្ថបទ៖នាង សុភាវុធ