រុស្ស៊ី៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីលោក Nikolai Patrushev បានប្រាប់សារព័ត៌មានរដ្ឋរុស្ស៊ី TASS នៅសប្ដាហ៍នេះថា វិមានក្រឹមឡាំងចាប់អារម្មណ៍ក្នុងការស្វះស្វែងរកមធ្យោបាយផ្នែកនយោបាយ និងការទូតជាមួយអ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប៉ុន្តែអ៊ុយក្រែនបានផ្អាកការចរចានានាបន្តទៀតជាមួយរុស្ស៊ី។ លោកបានអះអាងថា ការចរចានានាត្រូវបានផ្អាកដោយសារតែមានការណែនាំពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃទី១៤ ខែមិថុនាបាននិយាយថា លោកបានត្រៀមខ្លួនចរចាសន្តិភាពជាមួយវិមានក្រឹមឡាំង ប៉ុន្តែការចរចាអាចកើតឡើងបាន លុះត្រាតែរុស្ស៊ីព្រមព្រៀងឲ្យមានបទឈប់បាញ់ភ្លាមៗជាមុនសិន។
លោក Zelensky បាននិយាយថា អ្វីដែលលោកកំពុងធ្វើពេលនេះគឺលោកប្រាកដណាស់ថា យើងបានត្រៀមខ្លួនរួចជាស្រេច នៅពេលភាគីម្ខាងទៀតមានឆន្ទៈត្រៀមបញ្ចប់សង្គ្រាម។ សង្គ្រាមនេះនៅតែកាប់សម្លាប់ជីវិតប្រជាជន ប៉ុន្តែយើងនឹងបាត់បង់អ្វីៗគ្រប់យ៉ាង បើសិនជាយើងចាញ់រុស្ស៊ីនៅក្នុងសង្គ្រាមនេះ៕
អត្ថបទ៖ សុខមាន