បាល់ទាត់៖ សមាគមបាល់ទាត់អេស៊ីបបានសំរេចបណ្តេញគ្រូបង្វឹកក្រុមជំរើសជាតិលោក Ehab Galal ចេញពីតំណែងហើយក្រោយដឹកនាំទើបបាន ៣ប្រកួត។ បុរសវ័យ ៥៤ឆ្នាំរូបនេះបានមកជំនួសតំណែងលោក Carlos Quieroz កាលពីខែមេសាបន្ទាប់ពីអេស៊ីបគ្មានកៅអី World Cup ឆ្នាំនេះ។
សមាគមបាល់ទាត់អេស៊ីបបញ្ជាក់ថា នឹងជ្រើសរើសគ្រូបង្វឹកថ្មីដែលជាជនបរទេស។ លោក Ehab Galal ធ្លាប់មានអាជីពជោគជ័យជាមួយក្លិបបាល់ទាត់ក្នុងស្រុកមួយចំនួន មុននឹងទទួលបានតំណែងនេះ។ ប្រកួតដំបូងក្នុងតំណែងលោក Galal អេស៊ីបឈ្នះហ្គីណេ ១-០ តែក៏បរាជ័យ ២-០ ក្រោមថ្វីដៃអេចូពីនៅវគ្គជំរុះបាល់ទាត់ទ្វីបអាហ្វ្រិក ២០២៣ និងលេងមិត្តភាពចាញ់កូរ៉េ ៤-១។
បាល់ទាត់អេស៊ីបមួយរយៈចុងក្រោយនេះមិនជោគជ័យឡើយ ពោលគឺតាំងពីនៅក្នុងតំណែងលោក Carlos Quieroz ម្ល៉េះដោយអេស៊ីបឡើងដល់វគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations នៅកាមេរូន តែចាញ់សេណេហ្កាល់នៅវគ្គផ្តាច់ព្រ័ត្រ ហើយក៏ចាញ់សេណេហ្កាល់ម្តងនៅវគ្គ Play-Off ចុងក្រោយដើម្បីកៅអី World Cup៕
អត្ថបទ៖នាង សុភាវុធ