ម៉ារ៉ាតុង៖ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិលើកទី១០ ដែលជាការចាប់ផ្ដើមរៀបចំឡើងវិញនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ក្រោយខកខានរៀបចំ ២ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩ គឺបានដំណើរការដោយជោគជ័យ និងទទួលបានការសាទរជាខ្លាំងពីសំណាក់អ្នកចូលរួមប្រមាណ ៥ពាន់នាក់។
ព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC), ឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងមានការចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងអគ្គលេខាធិការ NOCC បានបញ្ជាក់ថា ការត្រឡប់មកវិញនៃទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិនេះ បានចាប់ផ្ដើមជាមួយសញ្ញាណដ៏ល្អដែលសបញ្ជាក់ឲ្យឃើញពីសុខសន្ដិភាព និងសុវត្ថិភាព បន្ទាប់ពីមានការគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានយ៉ាងល្អប្រសើរជាក់ស្ដែងអ្នកចូលរួម ដ្បិតមានអ្នកចុះឈ្មោះតែ ៣,៦២១នាក់ក្ដី តែអ្នករត់ជាក់ស្ដែងគឺមានចំនួនប្រមាណ ៥ពាន់នាក់ឯណោះ។ ទន្ទឹមជាមួយគ្នាកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិដែលបានចូលរួមរត់កម្សាន្ដក្នុងព្រឹត្តិការណ៍នេះ បានសម្ដែងនូវសេចក្ដីត្រេកអរដែលបានចូលរួម ពិសេសការរៀបចំឡើងវិញ បន្ទាប់ពីទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិនេះខកខានរៀបចំ ២ឆ្នាំដោយសារបញ្ហាកូវីដ-១៩។
បន្ថែមលើសនេះ ពួកគេក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋផ្សេងទៀត បានចូលរួមព្រឹត្តិការណ៍កីឡានេះឲ្យកាន់តែច្រើនកុះករបន្ថែមទៀត ដើម្បីទទួលបានសុខភាពល្អផង និងចូលរួមផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ផងដែរ។ សូមបញ្ជាក់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិលើកទី១០ ដែលរៀបចាប់ផ្ដើមរត់ និងបញ្ចប់នៅមុខព្រះបរមរាជវាំងគឺមាន ៣វិញ្ញាសារួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និងរត់កម្សាន្ដចម្ងាយ ៣គីឡូម៉ែត្រ។ ចំពោះលទ្ធផលវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រផ្នែកបុរសលេខ១ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា, លេខ២ កីឡាករកម្ពុជា ម៉ា វីរ៉ូ និងលេខ៣ កីឡាករជប៉ុន Ota Yugo ខណៈផ្នែកនារីលេខ១ កីឡាការិនីជប៉ុន Ota Natsuko, លេខ២ កីឡាការិនីហុងកុង Lee Yin Ling និងលេខ៣ កីឡាការិនីជប៉ុន Fukunari Mizuki។ រីឯរត់ចម្ងាយ ១០គីឡូម៉ែត្រផ្នែកបុរសលេខ១ បានទៅកីឡាករ Ayal Andarge មកពី Ethiopian, លេខ២ កីឡាករកម្ពុជា កាំង ធឿន និងលេខ៣ កីឡាករកម្ពុជា អ៊ុក រ៉ូហ៊ីត។ ចំណែកផ្នែកនារីលេខ១ បានទៅកីឡាការិនីកម្ពុជា ធុន សុម៉ាវត្ដី, លេខ២ កីឡាការិនីកម្ពុជា អ៊ុត ច័ន្ទសុភ័ក្ដ្រា និងលេខ៣ កីឡការិនីកម្ពុជា អេង មួយជីង៕
អត្ថបទ៖ លី ឈុនឡា