ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល បានចាត់ទុកថ្ងៃទី២០ មិថុនា ១៩៧៧ ជាការចងចាំដ៏ពិសេសក្នុងក្រអៅបេះដូង ខណៈព្រឹត្តិការណ៍ដ៍ប្រវត្តិសាស្រ្តនេះ បានធ្វើឲ្យឯកឧត្តមមានការស្ញប់ស្ញែង និងមិនអាចបំភ្លេចបាននោះឡើយចំពោះវីរៈភាព និងគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកជីវិតទៅប្រថុយប្រថាន ដើម្បីស្នើសុំកម្លាំងពីប្រទេសជិតខាងមកជួយរំដោះប្រជាពលរដ្ឋខ្មែររាប់លាននាក់ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត នោះ។
ឯកឧត្តមបានបន្តថា ថ្ងៃទី២០ មិថុនា ១៩៧៧ ជាការចងចាំដ៏ពិសេសមួយសម្រាប់ពួកយើង ដែលមិនត្រឹមតែជាការចងចាំអំពីការធ្វើការសម្រេចចិត្តដ៏លំបាកបំផុតមួយរបស់បុរសម្នាក់ (សម្តេចតេជោហ៊ុន សែន) ក្នុងការលះបង់កម្លាំងកាយចិត្ត និងអាយុជីវិត ដើម្បីប្រទេសជាតិរបស់ខ្លួនតែប៉ុណ្ណោះទេ តែជាការរំឭកឡើងវិញនូវស្មារតីនៃក្តីសង្ឃឹម ការជឿជាក់លើប្រទេសជាតិខ្លួនឯង ការមិនបោះបង់ចោលជាតិសាសន៍ និងប្រជាជនខ្លួនទោះក្នុងកាលៈទេសៈណាក៏ដោយ។ គម្រូវីរភាពដ៏អង់អាចនេះហើយ ដែលបានចាក់ឫសក្នុងក្រអៅបេះដូងរបស់យើងគ្រប់គ្នា។
ជាមួយគ្នានោះដែរឯកឧត្តមយឿន យឿត ក៏សូមធ្វើការគោរព និងបួងសួងដល់វិញ្ញាណក្ខ័ន្ធយុទ្ធជន និងជនរួមជាតិខ្មែរទាំងអស់ ដែលបានពលីជីវិត និងបាត់បង់ជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ចេញពីរណ្តៅមរណៈនៃបនប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃផងដែរ។ មួយវិញទៀត ឯកឧត្តមក៏សូមឱ្យមេរៀនឈឺចាប់ទាំងអស់នេះស្ថិតក្នុងការចងចាំរបស់យុវជនជំនាន់ក្រោយ ដើម្បីពួកគេអាចស្វែងយល់ពីតម្លៃនៃសុខសន្តិភាពមួយនេះ ដែលត្រូវបានតស៊ូ ពុះពារ ជម្នះឧបសគ្គជាច្រើនរយជំពូកទម្រាំអាចកសាង និងរក្សាបានមកដល់សព្វថ្ងៃនេះ។ សន្តិភាពដែលយើងកំពុងតែរស់នៅប្រកបដោយជីវភាពរុងរឿង សំបូរសប្បាយនាថ្ងៃនេះ កើតចេញពីការលះបង់ដ៏ធំធេងជាច្រើន និងការសម្រេចចិត្តក្នុងកាលៈទេសៈដ៏លំបាកបំផុតមួយកាលពី ៤៥ ឆ្នាំមុន របស់សម្តេចតេជោ ហ៊ុន សែន និងសមមិត្តដ៏ទុកចិត្តមួយចំនួនទៀត៕ អត្ថបទ៖ បាន ចក់





