ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋប្រភេទសំណង់ឈើប្រកស័ង្កសី ត្រូវបានអគ្គិភ័យឆាប់ឆេះអស់ចំនួន ០៤ខ្នងផ្ទះ វេលាម៉ោង១០និង៤០នាទី ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយប៉ាក ក្រុម០៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុឃើញមានអណ្ដាតភ្លើងឆេះចេញពីក្នុងផ្ទះពលរដ្ឋ ហើយបាននាំគ្នារត់ចេញក្រៅ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់តែពុំអាចគ្រប់គ្រងបាន។ ភ្លាមៗនោះអាជ្ញាធរខណ្ឌ បានទាក់ទៅកម្លាំងនគរបាលជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដល់ទីតាំងកើតហេតុ។
សូមបញ្ជាក់ផងដែរ នៅចំណុចលើបឹងកំផ្លោកនេះ មានផ្ទះពលរដ្ឋសាងសង់នៅលើបឹងកំផ្លោក ជិត១០ខ្នងផ្ទះ ត្រូវបានអគ្គិភ័យឆាប់ឆេះ និងរាលដាលឆេះអស់ចំនួន០៤ខ្នងផ្ទះ។
មន្រ្តីអគ្គិភ័យ បានឲ្យដឹងថា ក្នុងហេតុការណ៍ដោយផ្ទះពលរដ្ឋប្រភេទសំណង់ឈើប្រកស័ង្ហសី ដូច្នេះអណ្ដាតភ្លើងឆាបឆេះលឿន ធ្វើឲ្យមន្រ្តីជំនាញ លំបាកក្នុងការបាញ់ទឹកពន្លត់ឲ្យបានទាន់ពេលវេលា ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។
ក្នុងគ្រោះអគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងកើតហេតុជាច្រើនគ្រឿង និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងទើបរលត់ជាស្ថាពរ។ ចំពោះមូលដ្ឋាន មន្ត្រីជំនាញបានបញ្ជាក់ជំហានដំបូងថា បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕ អត្ថបទ៖ កុម្ភៈ







