បាល់ទាត់៖ ក្រុមបាល់ទាត់កោះកុងអេហ្វស៊ីបានយកឈ្នះក្រុមម្ចាស់ផ្ទះឬទ្ធីសែន ទាំងប្រផិតប្រផើយដោយលទ្ធផល ៣-២ ក្នុងជំនួបជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៦ វគ្គជម្រុះថ្នាក់ជាតិកាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ។

ជំនួបនៅទីលានវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាចនេះ វគ្គទី១ កុងអេហ្វស៊ីបានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់មុនដែលធ្វើសម្រេចដោយកីឡាករ ពៅ ភារិទ្ធ នៅនាទីទី៧ និងកីឡាករ សាន បូរ៉ា នៅនាទី២២។ ប៉ុន្ដែចូលវគ្គទី២ លេងបានប្រមាណ ១៥នាទី ក្រុមឬទ្ធីសែនក៏បានវាយបកតាមស្មើ ២-២ វិញដែលរកបានដោយកីឡាករ បុក អាំងឡី នៅនាទី៥៥ និងកីឡាករ ជា សាវៃ នៅនាទី៦០។

លទ្ធផលបណ្ដោះអាសន្ននេះបានធ្វើឲ្យក្រុមទាំងពីរ ព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំងរហូតដល់នាទី៧២ ទើបកីឡាករ សាន បូរ៉ា រកបានគ្រាប់ទី៣ ឲ្យក្រុមកោះកុងអេហ្វស៊ី ហើយក៏ជាគ្រាប់ជ័យជម្នះក្នុងការប្រកួតជើងទី១ នេះដែរ។ គួរដឹងថា ក្រុមទាំងពីរនឹងត្រូវជួបគ្នាម្ដងទៀតនៅជើងទី២ នាថ្ងៃទី០៦ ខែកក្កដាខាងមុខដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងទៅលេងដំណាក់កាលទី៣ ឬការប្រកួតថ្នាក់ជាតិនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៦៕
អត្ថបទ៖ លី ឈុនឡា