ភ្នំពេញ៖ ជាការពិនិត្យឃើញនូវផលប៉ះពាល់ជាក់ស្ដែង នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ចំនួន ៣បន្ថែមទៀត ដែលចាប់ផ្ដើមពីខែមេសា ដល់ខែ មិថុនា ឆ្នាំ២០២១ខាងមុខ។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ចំនួន ០៣បន្ថែមទៀត ចាប់ផ្ដើមពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១ខាងមុខ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈកំពុងតែបន្ត។
ជំវិញការបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បញ្ជាក់ថា នេះជាការគិតខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ហើយកម្មវិធីនេះនឹងបន្តផ្ដល់អត្ថប្រយោជន៍ដល់ គ្រួសារក្រីក្រ ដែលធ្លាប់ទទួលបានផលកន្លងមក និងរាប់បញ្ចូលទាំងគ្រួសារក្រីក្រថ្មីផងដែរ។
លោកបញ្ជាក់បន្ថែមថា សម្រាប់ដំណើរការកម្មវិធី គឺនៅតែអនុវត្តដូចរាល់ដង ដោយអ្នកទទួលផលចាស់អាចទៅបើកសាច់ប្រាក់នៅភ្នាក់ងារវីង ដោយផ្ទាល់ រីឯអ្នកទទួលបានបណ្ណសមធម៌ថ្មី គឺត្រូវយកបណ្ណនោះទៅផ្ទៀងផ្ទាត់បញ្ចូលទិន្នន័យនៅ ឃុំ-សង្កាត់ណាមួយក៏បាន ដែលនៅជិតគេហដ្ឋានរបស់ខ្លួន។ រីឯគ្រួសារក្រីក្រថ្មីដែលទើបធ្លាក់ខ្លួនក្រ គឺត្រូវទៅដាក់ពាក្យស្នើសុំបណ្ណសមធ៌មនៅ ឃុំ-សង្កាត់ និងត្រូវឆ្លងកាត់សម្ភាសន៍ វាយតម្លៃដោយប្រពន្ធបច្ចេកវិទ្យា ក្នុងការសម្រេចថាអាចទទួលបាន បណ្ណសមធម៌ រឺមិនបាន។
ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា គឺកំពុងបន្តអនុវត្តកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រសម្រាប់ខែមីនា ឆ្នាំ២០២១ ដោយបានចាប់ផ្ដើមកាលពីថ្ងៃទី ២៥ខែមីនាម្សិលម៉ិញ។
សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩នេះ គឺបានចាប់ផ្ដើមអនុវត្តតាំងពីខែ មិថុនា ឆ្នាំ២០២០ មកម្លេះ។ ចាប់តាំងពីពេលចាប់ផ្ដើមរហូតមក ដល់ថ្ងៃទី ២៤ ខែ មីនា រាជរដ្ឋាភិបាលកម្ពុជា បានចំនាយថវិការជាង ១០៤៤ ប៊ីលានរៀល៕ អត្ថបទ៖គឹមហុក