អ៊ុយក្រែន៖ ក្រុមប្រទេសប្រជាធិបតេយ្យមានឧស្សាហកម្មលូតលាស់ខ្លាំងទាំង៧ នឹងព្យាយាមបង្ហាញការគាំទ្ររយៈពេលវែងរបស់ខ្លួនដល់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលដែលចាប់ផ្តើមនៅថ្ងៃអាទិត្យ បើទោះបីជាឥទ្ធិពលនៃសង្គ្រាមកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចពិភពលោក សាកល្បងការដោះស្រាយរបស់ពួកគេក៏ដោយ។

មេដឹកនាំមកពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង អង់គ្លេស អ៊ីតាលី កាណាដា និងជប៉ុននឹងពិភាក្សាអំពីមធ្យោបាយក្នុងការរឹតបន្តឹងលើវិមានក្រឹមឡាំង នៅឯកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃនៅ Schloss Elmau ដែលជាសណ្ឋាគារប្រណីតនៅជ្រលងភ្នំ Bavarian ប្រទេសអាល្លឺម៉ង់។ ប៉ុន្តែស្របពេលដែលសង្គ្រាមអូសបន្លាយដល់ខែ៥ ពួកគេនឹងប្រុងប្រយ័ត្នចំពោះទណ្ឌកម្មណាមួយ ដែលអាចធ្វើអោយចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកកាន់តែងងឹតថែមទៀត។ ជម្លោះនេះបានបង្កើតឲ្យមានកង្វះស្បៀងអាហារ និងថាមពលរួចហើយ ដែលកំពុងបង្កអតិផរណា និងភាពអត់ឃ្លានសកលកាន់តែខ្លាំង។
ការកើនឡើងតម្លៃទំនិញនៅលើទីផ្សារកំពុងប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេសនៅភាគខាងត្បូងពិភពលោក ជាតំបន់ដែលប្រទេសនានាកំពុងតស៊ូទប់ទល់ជំងឺរាតត្បាតសកល COVID-19 និងវិបត្តិអាកាសធាតុ។ លោក Chancellor Olaf Scholz បានព្រមានថា បើលោកខាងលិចមិនបង្ហាញសាមគ្គីភាព ជាមួយបណ្ដាប្រទេសភាគខាងត្បូងពិភពលោក ប្រទេសជាច្រើនដែលបានរិះគន់ទណ្ឌកម្មលោកខាងលិចគឺរុស្ស៊ី និងចិននឹងទទួលបានផលប្រយោជន៍៕
អត្ថបទ៖ សុខមាន