ភ្នំពេញ ៖ ធុងបែងចែកសំរាមចំនួន១០០ ដែលប្រើប្រាស់ក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក “FIFA WORLD CUP™ TROPHY TOUR” នាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា ត្រូវបានប្រគល់ជូនជាផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ, កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។
ពិធីប្រគល់-ទទួលធុងសំរាមជាផ្លូវការនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាពប្រចាំប្រទេសរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា។
ធុងសំរាមទាំងនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងពេលដាក់តាំងបង្ហាញជាផ្លូវការនៃពានបាល់ទាត់ពិភពលោកនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលបំណងលើកទឹកចិត្តប្រជាពលរដ្ឋ អ្នកស្នេហាវិស័យកីឡាឱ្យយល់ដឹងអំពីអត្ថប្រយោជន៍ក្នុងការបែងចែកសំរាមទៅតាមប្រភេទ។ ប្រភេទធុងសំរាមទាំងនេះរួមមាន ធុងសម្រាប់ដាក់សំរាម ដែលអាចកែច្នៃឡើងវិញមានដូចជាកំប៉ុងអាលុយមីញូម ដបប្លាស្ទិក និងធុងសម្រាប់ដាក់សំណល់អាហារជាដើម។
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា សង្ឃឹមថា តាមរយៈការផ្តល់ធុងបែងចែកសំរាមទៅតាមប្រភេទបែបនេះ គឺជាគំនិតផ្តួចផ្តើមដែលនឹងលើកកម្ពស់សក្តានុពល នៃសេដ្ឋកិច្ចវិលជុំ ដោយការលើកកម្ពស់ការកែច្នៃឡើងវិញ និងការប្រើប្រាស់ឡើងវិញនូវដបប្លាស្ទិក។
ឯកឧត្តម ជា បូរ៉ា បានថ្លែងថា នេះជាកិត្តិយសសម្រាប់ប្រទេសកម្ពុជា ដែលបានទទួល ដំណើរមកដល់ជាផ្លូវការរបស់ពានបាល់ទាត់ពិភពលោក ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ដំណើរ ទេសចរណ៍ពានបាល់ទាត់ពិភពលោក។ ហើយការទទួលបានធុងសំរាមទាំងនេះ ដែលបង្ហាញពីរបៀបដែលក្រុមហ៊ុន កូកា-កូឡា កម្ពុជា កំពុងនាំមុខគេក្នុងការលើកកម្ពស់និរន្តរភាព និងគំនិតផ្តួចផ្តើម ផ្នែកបរិស្ថាន។
ជាមួយគ្នានោះដែរ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ មានប្រសាសន៍ថា វាជាកិត្តិយសដ៏ធំធេងសម្រាប់ក្រុមហ៊ុន កូកា-កូឡា ដែលបាននាំយកព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក មកកាន់ប្រទេសកម្ពុជា ដើម្បីបង្កើតក្តីស្រមៃដ៏អស្ចារ្យមួយដល់អ្នកសេ្នហាកីឡាបាល់ទាត់នៅកម្ពុជា។ ហើយក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានខិតខំប្រឹងប្រែងធ្វើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ និងផ្តោតសំខាន់លើនិរន្តរភាព។ ជាក់ស្តែងធុងដែលបានប្រគល់ជូនទៅប្រើប្រាស់នេះ គឺសំដៅសម្រួលដល់ការប្រមូលសំណល់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីកែច្នៃឡើងវិញ ស្របតាមសសរស្តម្ភចីរភាពរបស់ក្រុមហ៊ុនផងដែរ ហើយ សូមលើកទឹកចិត្តដល់អ្នកគាំទ្រ ដែលមកចូលរួមលេងកំសាន្តនៅទីនេះ ឱ្យចូលរួមបោះចោលសំណល់ឱ្យបានត្រូវតាមប្រភេទរបស់វា ដើម្បីសម្រួលដល់ការងារកែច្នៃដែលមានភាពស្មុគស្មាញទៅហើយនោះ។ ព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក ឆ្នាំ២០២២ ដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា មានបេសកម្មគាំទ្រដល់ការអភិវឌ្ឍកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសនីមួយៗ ដែលដំណើរ ទេសចរណ៍នេះបានទៅដល់។ នេះជាលើកដំបូងហើយ ដែលព្រឹត្តិការណ៍សម្រាប់អតិថិជន នឹងត្រូវបានរៀបចំដោយប្រើប្រាស់ឌីជីថលច្រើន ហើយក្រុមហ៊ុន កូកា-កូឡា ក៏បានកាត់បន្ថយសំរាមនៅគ្រប់កន្លែងសំចត នៃព្រឹត្តិការណ៍ដំណើរទេសចរណ៍នេះ រីឯសម្ភារៈប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍នីមួយៗ (Activation material) ត្រូវបានផលិតក្នុងស្រុក និងអាចកែច្នៃប្រើប្រាស់ឡើងវិញបាន ព្រមទាំងបានកាត់បន្ថយការប្រើប្រាស់ទឹក ថាមពល សម្ភារៈ រួមទាំងធនធានផ្សេងៗទៀតឱ្យនៅត្រឹមកម្រិតអប្បបរមា៕ អត្ថបទ ៖ រដ្ឋា



