លីទុយអានី៖ ភាពតានតឹងថ្មីរវាងទីក្រុងមូស្គូ និងប្រទេសលោកខាងលិចកំពុងកើនឡើង បន្ទាប់ពីប្រទេសលីទុយអានីបានសម្រេចបញ្ឈប់ការដឹកជញ្ជូនទំនិញមួយចំនួន ឆ្លងកាត់ទឹកដីរបស់ខ្លួនទៅកាន់តំបន់ Kaliningrad របស់រុស្ស៊ី ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើវិមានក្រឹមឡាំង។

វិមានក្រឹមឡាំងព្រមានថា ខ្លួននឹងសងសឹកប្រឆាំងនឹងការដាក់ទណ្ឌកម្ម ដែលផ្តើមចេញពីការវាយលុករបស់ខ្លួនលើអ៊ុយក្រែន ក្នុងវិធីមួយដែលនឹងធ្វើឲ្យផលប៉ះពាល់អវិជ្ជមានខ្លាំងលើប្រជាជនលីទុយអានី ដោយបង្កើនការព្រួយបារម្ភនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ។ ពលរដ្ឋមួយចំនួននៅទីក្រុងព្រំដែន Kyrbartai ដែលទំនិញឆ្លងកាត់តាមផ្លូវទៅ និងមកពីតំបន់ Kaliningrad របស់រុស្ស៊ីនិយាយថា ពួកគេមិនព្រួយបារម្ភខ្លាំងពេកនោះទេអំពីជម្លោះ។ ពលរដ្ឋម្នាក់និយាយថា យើងមានមិត្តភ័ក្ដិនៅទីនោះក្នុងប្រទេសរុស្ស៊ី ពួកគេជាមនុស្សសាមញ្ញ ប៉ុន្តែភាពតានតឹងដែលកំពុងកើនឡើងគឺអាចមើលឃើញ។
អ្នកដំណើរដែលធ្វើដំណើរតាមរថភ្លើងឆ្លងកាត់ទីក្រុង Kyrbarta អាចប្រើប្រាស់ Wi-Fi ដោយឥតគិតថ្លៃក្នុងពេលកំពុងរង់ចាំ។ ប៉ុន្តែមុននឹងពួកគេអាចចូលប្រើបាន ពួកគេត្រូវអូសកាត់រូបភាពក្រាហ្វិកនៃសង្គ្រាម។ រូបភាពជាច្រើននៃអំពើឃោរឃៅ ដែលមួយចំនួនចោទប្រកាន់រុស្ស៊ីពីបទប្រល័យពូជសាសន៍ ត្រូវបានដាក់នៅលើផ្ទាំងបិទនៅកន្លែងរង់ចាំដែលអាចមើលឃើញតាមបង្អួចរថភ្លើង។ វាមិនច្បាស់នោះទេថា តើអ្នកដំណើររុស្ស៊ីដឹងអំពីសង្គ្រាមនៅអ៊ុយក្រែនក្នុងកម្រិតណានោះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានចាត់ទុកការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនថា ជាប្រតិបត្តិការសឹកពិសេសជាជាងសង្គ្រាម ឬការឈ្លានពាន៕
អត្ថបទ៖ ប៊ុនថន