ព្រៃវែង៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទីប្រឹក្សារាជរដ្ឋាភិបាល បានប្រកាសអំពាវនាវឱ្យរួមគ្នា ដើម្បីវិស័យពុទ្ធចក្រនៅកម្ពុជាកាន់តែរីកចម្រើន ក្នុងនោះឱ្យស្ថាប័នសង្ឃ គណៈកម្មការអាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទ ក៏ត្រូវស្រុះស្រួលគ្នា ទើបវិស័យពុទ្ធចក្រអាចរីកចម្រើន សុខុដុមរមនា។
ថ្លែងក្នុងពិធីប្រកាសតែងតាំងមន្ត្រីសង្ឃ នៃសាលាអនុគណស្រុក និងការតែងតាំងព្រះគ្រូចៅអធិការវត្តមួយចំនួននៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីសង្ឃ អាជ្ញាធរស្រុក និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តផងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានអំពាវនាវឱ្យស្ថាប័នសង្ឃ គណៈកម្មការអាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទ បន្តរួបរួមគ្នា ដើម្បីភាពរីក ចំម្រើនផ្នែកពុទ្ទចក្រនៅកម្ពុជាបន្ថែមទៀត ខណៈដែលប្រទេសជាតិ កំពុងតែទទួលផលពីសុខសន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
ឯកឧត្តមបញ្ជាក់ថា សុខសន្តិភាពនេះហើយ គឺជាឱកាសដែលយើងទាំងអស់គ្នាត្រូវធ្វើការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនៅលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានសម្តែងនូវការអបអរសាទរចំពោះមន្ត្រី សង្ឃ ដែលទទួលបានការប្រកាសតែងតាំងជាមន្ត្រីសង្ឃសាលាអនុគណស្រុក និងការប្រកាស តែងតាំងជាព្រះគ្រូចៅអធិការវត្តចំនួន ១១វត្ត ក្នុងស្រុកកំចាយមារនាពេលនេះ ដោយឯកឧត្តមសង្ឃឹមថា ព្រះតេជគុណគ្រប់អង្គ នឹងយកតួនាទីនេះទៅដឹកនាំដើម្បីភាពរីកចម្រើនក្នុងផ្នែកពុទ្ធចក្រនៅតាមវត្ត និងនៅ ទូទាំងស្រុកបន្ថែមទៀតជាក់ជាមិនខានឡើយ៕







