តេក្វាន់ដូ៖ ប្រាប់អ្នកសារព័ត៌មានក្នុងឱកាសរៀបចំការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិនៅថ្ងៃទី២៦ ខែមិថុនា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF ឱ្យដឹងថា ថ្នាក់ដឹកនាំសហព័ន្ធ ឯកឧត្តម កែវ រ៉េមី បានចាត់ទុកការរៀបចំការប្រកួតកីឡានិស្សិតឧត្តមសិក្សាថ្នាក់ជាតិនេះ ជួយជំរុញលើកកម្ពស់បន្ថែមដល់ការអភិវឌ្ឍបច្ចេកទេស ព្រមទាំងការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីជានិស្សិតឲ្យកាន់តែសម្បូរបែប និងមានគុណភាពខ្ពស់នាថ្ងៃអនាគត។
លើសពីនេះលោកបានបន្ថែមទៀតថា តាមរយៈការរៀបចំប្រកួតកីឡាតេក្វាន់ដូ ITF នៃព្រឹត្តិការណ៍ឧត្តមសិក្សាថ្នាក់ជាតិនេះ គឺល្អខ្លាំងណាស់ក្នុងការជួយជំរុញឲ្យមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល-ចៅក្រមរបស់សហព័ន្ធបានដុះខាត់សមត្ថភាពបន្ថែម ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ប្រភេទកីឡាតេក្វាន់ដូ ITF មានកីឡាករ-កីឡាការិនីជានិស្សិតចូលរួមសរុបចំនួន ៦៤នាក់ (កីឡាករ ៣៦នាក់ និងកីឡាការិនី ២៨នាក់) មកពីគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចំនួន៧ ដោយមាន ១៣វិញ្ញាសា ក្នុងនោះរៀបចំវិញ្ញាសាសម្តែងមេគុណចំនួន៤ និងវិញ្ញាសាប្រយុទ្ធចំនួន៩ ដោយធ្វើការប្រកួតពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា។
សូមបញ្ជាក់ថា ការប្រកួកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិប្រចាំឆ្នាំ២០២២ ដំណើរការពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនាដោយមាន ១២ប្រភេទកីឡាស្មើនឹង ៨៨វិញ្ញាសា ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡាសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិទាំង ១២ប្រភេទកីឡា៕
អត្ថបទ៖ គង់ ហួន