កំពង់ឆ្នាំង៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចម្រុះខេត្ត លោក លី សុភា ប្រធានមន្ទីរដែនដី បានដឹកនាំកម្លាំងចម្រុះចុះបង្ហាញព្រំប្រទល់ដីលំនៅដ្ឋានប្រជាជនចំនួន ១១៧២គ្រួសារ ដែលបានកំណត់ក្នុងអនុក្រឹតលេខ១១២ អនក្រ.បក ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិស្លត ភូមិពាមខ្នង ភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង។
លោក សាន់ យូ បានណែនាំអោយអាជ្ញាធរភូមិឃុំ សិក្សាពិនិត្យអោយបានច្បាស់លាស់អំពីដីឡូត៍លំនៅដ្ឋានប្រជាជន ក្បាលដីរដ្ឋបាល ដូចជាដីសាលារៀន ដីវត្តអារាម ដីប៉ុស្តរដ្ឋបាលដីសាលាឃុំ នៅអមផ្លូវព្រះរាមក្នុងឃុំផ្លូវទូក។ ម្យ៉ាងទៀតត្រូវរៀបចំដីឡូត៍បន្ថែម សម្រាប់ជូនប្រជាជនដែលមិនទាន់បានមកតាំងទីលំនៅ ដែលជាអ្នកមានបញ្ជីឈ្មោះត្រឹមត្រូវរបស់ភូមិឃុំខាងលើ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល។
បន្ទាប់មកលោកប្រធានក្រុមការងារចម្រុះខេត្ត បានដឹកនាំក្រុមការងារចុះទៅភូមិសំរោងសែន និងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង ដើម្បីកំណត់ព្រំប្រទល់ដីលំនៅដ្ឋាន ដីអាស្រ័យផល ដែលរាជរដ្ឋាភិបាលបានសម្រេចប្រគល់ជូនប្រជាជនចំនួន ៥១៦គ្រួសារ និងស្នើអោយអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ពន្លឿនរៀបចំជូនប្រជាជន៕ អត្ថបទ៖ ហុង វាស្នា













