បាល់ទាត់៖ ប្រធានក្រុមបាល់ទាត់ជំរើសជាតិវែល Gareth Bale រកទ្រនំថ្មីឃើញហើយ ក្រោយឈានដល់កិច្ចព្រមព្រៀងផ្លាស់ទៅកាន់ក្លិបអាមេរិក Los Angeles FC។ ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះបានចាកចេញពី Real Madrid ក្រោយកិច្ចសន្យាអស់សុពលភាពបន្ទាប់ពីការចំណាយពេល ៩ឆ្នាំនៅទីក្រុង Madrid។
ម្ចាស់ជ័យលាភី Champions League ៥លើករូបនេះ មុននេះត្រូវបានគេរំពឹងថានឹងអាចផ្លាស់មកកាន់ទឹកដីអង់គ្លេសវិញជាមួយ Tottenham Hotpsur រឺក្លិបនៅប្រទេសកំណើត Cardiff City។ មកដល់ពេលនេះក្លិបនៅក្របខណ្ឌ Major League Soccer មួយនេះមិនទាន់ប្រកាសផ្លូវការនៅឡើយពីការផ្ទេររបស់ Gareth Bale តែសាមីខ្លួនកីឡាករបានបង្ហោះលើបណ្តាញសង្គម Twitter ថា ជួបគ្នាឆាប់ៗ Los Angeles។
Gareth Bale ដែលផ្លាស់ទៅកាន់ Real Madrid កាលពីឆ្នាំ២០១៣ ក្នុងតម្លៃផ្ទេរថ្លៃបំផុតលើលោកនៅពេលនោះ ៨៥លានផោន នឹងដើរតាមលំនាំខ្សែការពារជើងចាស់អ៊ីតាលី Giorgio Chiellini ដែលផ្លាស់មកកាន់ LAFC កាលពីខែមុន។ LAFC ដែលកំពុងស្ថិតក្រោមការដឹកនាំរបស់អតីតជំរើសជាតិអាមេរិកលោក Steve Cherundolo បច្ចុប្បន្នកំពុងឈរលើគេនៅក្របខណ្ឌ Major League Soccer៕
អត្ថបទ៖នាង សុភាវុធ