ប្រណាំងម៉ូតូ៖ កីឡាករអ៊ីតាលី Francesco Bagnaia បានប្រជែងឈ្នះការប្រណាំង MotoGP នៅប្រទេសហូឡង់ បន្ទាប់ពីអ្នកនាំមុខគេក្នុងតារាងជើងឯក Fabio Quartararo ជួបគ្រោះថ្នាក់។ Quartararo បានដួលដល់ទៅពីរលើកពោលគឺលើកដំបូងអាចបន្តការប្រកួត តែលើកទី២ នៅពេលសល់ ១៤ជុំទៀតចប់ក៏ដួលមកម្តងទៀតដល់របួសជើងមិនអាចបន្តការប្រកួតបាន។

ចំណែកឯកីឡាកររបស់ក្រុម Ducati, Francesco Bagnaia មិនមានបញ្ហាធំដុំឡើយក្នុងការប្រកួតនេះ ពោលគឺជាអ្នកចេញដំណើរមុខគេ និងរក្សាការនាំមុខដល់ទីបញ្ចប់។ លេខ ២ ក្នុងការប្រកួតបានទៅកីឡាករអ៊ីតាលីរបស់ក្រុម Ducati មួយរូបទៀត Marco Bezzechi និងលេខ ៣ កីឡាករអេស្ប៉ាញ Maverick Vinales របស់ក្រុម Yamaha។ យ៉ាងណាក្តីក្រោយប្រណាំងបាន ១១ទីលានរដូវកាលនេះ Fabio Quartararo នៅតែបន្តនាំមុខគេក្នុងតារាងជើងឯកពិភពលោកដដែលមានសរុប ១៧២ពិន្ទុ តាមពីក្រោយដោយកីឡាករអេស្ប៉ាញ Aleix Espagaro មាន ១៣៨ពិន្ទុ និងលេខ ៣ Johann Zarco មាន ១១១ពិន្ទុ។ ទីលានបន្ទាប់ដែលជាទីលានទី១២ ក្នុងចំណោម ២០ទីលានក្នុងរដូវកាល ២០២២ នេះ MotoGP នឹងបន្តដំណើរទៅចក្រភពអង់គ្លេសនៅថ្ងៃទី៧ ខែកក្កដាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ